(ភ្នំពេញ)៖ នៅថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ លោក ឃួង​ ស្រេង​ អភិបាល​រាជធានីភ្នំពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ចុះ​ពិនិត្យ​ទីតាំង​ការិយាល័យ​បោះឆ្នោត​ មណ្ឌល​ភូមិភាគទី១​ រាជធានីភ្នំពេញ​ ក្នុង​បរិវេណ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា​ នីតិកាល​ទី​៥​ ឆ្នាំ២០២៤​។

លោកអភិបាល បានណែនាំឲ្យមន្ត្រីពាក់ព័ន្ធ ក៏ដូចអាជ្ញាធរដែនដី ត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ របៀបរៀបរយសាធារណៈឲ្យបានកាន់តែលំប្រសើរថែមទៀត ខណៈការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងដំណើរការនៅថ្ងៃអាទិត្យទី២៥ កុម្ភៈ ស្អែកនេះហើយ។ ពោលត្រូវសម្រេចឲ្យបាននូវការបោះឆ្នោតមួយ ដែលសេរីត្រឹមត្រូវយុត្តិធម៌ គ្មានការបំភិតបំភ័យ ឬគំរាមកំហែង ក្នុងបរិបទប្រជាធិបតេយ្យសេរីពហុបក្ស។

តាមការសង្កេតជាទូទៅ ក្នុងដំណាក់កាល នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ ក្នុងរយៈពេល១៤ថ្ងៃកន្លងទៅ គឺមានបរិយាកាសល្អ ពុំមានអំពើហិក្សា គំរាមកំហែង បំភិតបំភ័យកើតឡើងគួរអោយកត់សំគាល់នោះទេ។ ក្រៅពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានណែនាំឲ្យបាញ់ទឹកលាងសំអាតបរិវេណជុំវិញការិយាល័យបោះឆ្នោតឲ្យបានស្អាត និងដាក់កម្លាំងយាមកាមឲ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ថា អង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងតំណែង ដែលត្រូវបោះឆ្នោតសំរាប់រាជធានីភ្នំពេញមានចំនួន៩១១នាក់ ក្នុងនោះ ក៏មានអ្នកតំណាងរាស្ត្រចំនួន១២រូបផងដែរ៕