(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ស្អែកនេះ កម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ។

អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០០៥ ព្រឹទ្ធសភាកើតឡើងដោយការបោះឆ្នោតជាអសកលផង ជ្រើសតាំងផង និងចាត់តាំងផង សម្រាប់រយៈពេល៦ឆ្នាំ។ សមាជិកព្រឹទ្ធសភា មានសមាជិកស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភា។ ក្នុងនោះសមាជិក ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិក ២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។

អនុលោមតាមច្បាប់នេះ សមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នេះ មានចំនួន៦២រូប។ ក្នុងនោះសមាជិក ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិក ២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប និង៥៨រូបផ្សេងជ្រើសរើសតាមការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។

មណ្ឌលបោះឆ្នោតត្រូវរៀបចំ និងបែងចែកជា ៨ភូមិភាគ ហើយអាសនៈត្រូវបែងចែកតាមភូមិភាគ ដូចខាងក្រោម៖

* ភូមិភាគទី១ រាជធានីភ្នំពេញ មាន៦ អាសនៈ
* ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន៨ អាសនៈ
* ភូមិភាគទី៣ ខេត្តកណ្ដាល មាន៥ អាសនៈ
* ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន១០ អាសនៈ
* ភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន៧ អាសនៈ
* ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧ អាសនៈ
* ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន៩ អាសនៈ
* ភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន៦ អាសនៈ។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៉ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។

សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិកសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប។

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ឥស្សរជននយោបាយកំពូលៗរបស់កម្ពុជា នឹងអញ្ជើញទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតដូចខាងក្រោម៖

ទី១៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបោះឆ្នោតនៅការិយាល័យ៣០០១ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល។

ទី២៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបោះឆ្នោតនៅការិយាល័យ១០០១ មណ្ឌលវិទ្យាល័យព្រះស៉ីសុវត្ថិ

ទី៣៖ សម្តេចក្រឡាហោម ស ខេង អញ្ជើញបោះឆ្នោតនៅការិយាល័យ៤០០២ មណ្ឌលវិទ្យាល័យសម្តេចឪ (ក្រុងបាត់ដំបង)

ទី៤៖ សម្តេច ម៉ែន សំអន អញ្ជើញបោះឆ្នោតនៅការិយាល័យ៦០០៣ មណ្ឌលសាលាបឋមសិក្សា ព្រះសីហនុ (ក្រុងស្វាយរៀង)

ទី៥៖ សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបោះឆ្នោតនៅការិយាល័យ៤០០៤ មណ្ឌលវិទ្យាល័យអង្គរ (ក្រុងសៀមរាប)

ទី៦៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញបោះឆ្នោតនៅការិយាល័យ ៣០០១ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល។

ខាងក្រោមជាប្រវត្តិព្រឹទ្ធសភា៤នីតិកាលកន្លងទៅ៖

១៖ ព្រឹទ្ធសភានីតិកាលទី១ (១៩៩៩-២០០៦)

ព្រឹទ្ធសភានីតិកាលទី១ កើតឡើងដោយការតែងតាំងសម្រាប់រយៈពេល៥ឆ្នាំ មានសមាជិកចំនួន៦១រូប ក្នុងនោះសមាជិកព្រឹទ្ធសភាចំនួន២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ រីឯប្រធាន និងអនុប្រធានទាំងពីររបស់ព្រឹទ្ធសភា ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ តាមសំណើរបស់ប្រធានរដ្ឋសភា។ ដោយឡែកសមាជិកដទៃទៀត ត្រូវបានជ្រើសរើសចេញពីក្នុងចំណោមសមាជិក សមាជិកា នៃគណបក្សនយោបាយទាំងបី (គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សសមរង្ស៉ី ) ដែលមានអាសនៈនៅរដ្ឋសភា ហើយត្រូវបានតែងតាំងដោយព្រះមហាក្សត្រ តាមសំណើរបស់ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភាដែលក្នុងនោះមាន៖

- គណបក្សប្រជាជនកម្ពុជា (CPP) ៣១រូប។

- គណបក្សហ៊្វុនស៊ីនប៉ិច (FUN) ២១រូប។

- គណបក្សសមរង្ស៉ី (SRP) ០៧រូប។

ក្នុងចំណោមសមាជិកព្រឹទ្ធសភានីតិកាលទី១សរុបទាំង៦១រូប មានសមាជិកាចំនួន១០រូប។

២៖ ព្រឹទ្ធសភានីតិកាលទី២ (២០០៦-២០១២)

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី២ បានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៦។

ព្រឹទ្ធសភានីតិកាលទី២ មានសមាជិកចំនួន៦១រូប ក្នុងនោះ ៥៧រូប ត្រូវបានបោះឆ្នោតជាអសកល ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀតត្រូវបានជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប។

ព្រឹទ្ធសភានីតិកាលទី២ បានបើកសម័យប្រជុំដំបូងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងចំណោមសមាជិកព្រឹទ្ធសភា ៥៧រូប ដែលបានជាប់ឆ្នោតមានសមាសភាពមកពី៖

១៖ គណបក្សប្រជាជនកម្ពុជា (CPP)ចំនួន ៤៥រូប

២៖ គណបក្សហ៊្វុនស៊ីនប៉ិច (FUN) ចំនួន ១០រូប

៣៖ គណបក្សសមរង្ស៉ី (SRP) ចំនួន ២រូប។

ក្នុងចំណោមសមាជិកព្រឹទ្ធសភាសរុបទាំង៦១រូប មានសមាជិកាចំនួន ៩រូប។

៣៖ ព្រឹទ្ធសភានីតិកាលទី៣ (២០១២-២០១៨)

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៣ បានប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២។ ជាលទ្ធផលក្នុងចំណោមសមាជិក ៥៧រូប ដែលជ្រើស តាំងដោយការបោះឆ្នោតមានសមាសភាពមកពី៖

- គណបក្សប្រជាជនកម្ពុជា (CPP) ចំនួន ៤៦រូប។

- គណបក្សសមរង្ស៉ី (SRP)ចំនួន ១១រូប។

ក្នុងចំណោមសមាជិកព្រឹទ្ធសភានីតិកាលទី៣សរុបទាំង ៦១រូប មានសមាជិកាចំនួន ១០រូប។

៤៖ ព្រឹទ្ធសភានីតិកាលទី៤ (២០១៨-២០២៤)

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់ នីតិកាលទី៤ ប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។ ជាលទ្ធផលគណបក្សប្រជាជនកម្ពុជា ទទួលបាននូវអាសនៈទាំងអស់ចំនួន៥៨ សម្រាប់៨ភូមិភាគ នៃព្រះរាជាណាចក្រកម្ពុជា។

សម្រាប់នីតិកាលទី៤ សមាជិកព្រឹទ្ធសភាសរុបមានចំនួន៦២រូប បង្កើន១អាសនៈ នៅមណ្ឌលភូមិភាគទី៧។

ព្រឹទ្ធសភានីតិកាលទី៤ បានបើកសម័យប្រជុំដំបូង នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងចំណោមសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ទាំង៦២រូប មានសមាជិកា ចំនួន ១០រូប៕