(បន្ទាយមានជ័យ)៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តបន្ទាយមានជ័យ បានដំណើរការដោយរលូន ចាប់ពីវេលាម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់ខេត្តបន្ទាយមានជ័យ ស្ថិតនៅមណ្ឌលភូមិភាគ៤។

លោក កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តខេត្តបន្ទាយមានជ័យ និងក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមុខតំណែង បានចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅសាលាគរុកោសល្យ និងវិក្រឹត្យការ ក្នុងការិយាល័យលេខ៤០០១ ក្រុងសិរីសោភ័ណ។

ភាគទី៤ មានខេត្តចំនួន៥៖ ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និងឧត្ដរមានជ័យ) មានចំនួន ១០អាសនៈ។ សម្រាប់ខេត្តបន្ទាយមានជ័យ មានអង្គបោះឆ្នោតចំនួន៥៣៩នាក់ (សមាជិកសភា៦រូប និងក្រុមប្រឹក្សាឃុំ សង្កាត់ ៥៣៣រូប) ក្នុងនោះគណបក្សប្រជាជន មានចំនួន ៤៣៥នាក់)។

លោក កែ គឹម យ៉ាន បានថ្លែងថា លោក និងអង្គបោះឆ្នោតទូទាំងខេត្តបន្ទាយមានជ័យ បានចូលបោះឆ្នោតទាំងអស់ ដើម្បីសម្តែងសិទ្ធិបោះឆ្នោតជ្រើសរើសបេក្ខជនសមាជិកព្រឹទ្ធសភា ដែលខ្លួនពេញចិត្ត  អង្គបោះឆ្នោតមកពីគណបក្សទាំង៤នេះ គ្មាននរណាម្នាក់អវត្តមានឡើយ។

លោកបានបន្តទៀតថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអណត្តិទី៥នេះ ស្របតាមគោលការណ៍ច្បាប់ និងតាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយស្ថិតក្នុងបរិយាកាសសេរី ត្រឹមត្រូវយុត្តិធម៌ ដោយគ្រប់គណបក្សនយោបាយ និងបេក្ខជនបានចូលរួមឈរឈ្មោះឲ្យអង្គបោះឆ្នោយអសាកល ដើម្បីក្លាយជាតំណាងនៃស្ថាប័ននិតិបញ្ញត្តិនិងបម្រើជាតិ។

លោក យ៉ង់សក្តិ ប្រធានគណ:កម្មាធិកាខេត្តរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកយកព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែកុម្ភ:នេះថា បន្ទាប់ពីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភាកន្លងមក ថ្ងៃនេះអង្គបោះឆ្នោតរបស់គណបក្សទាំង៤គ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៉ិនប៉ិច គណៈឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ បានមកបោះឆ្នោតប្រកបដោយបរិយាកាសរីករាយ។

លោក យ៉ង់សក្តិ បានថ្លែងអំណរគុណ គ.ជ.ខ និង គ.ជ.ប ក៏ដូចជាអាជ្ញាធរ ដែលបានរៀបចំដំណើរការបោះឆ្នោតនេះបានល្អ រលូន និងបរិយាកាសគ្មានការគាបសង្កត់ និងការគំរាមកំហែង៕