(សៀមរាប)៖ គម្រោងសិល្បៈសមាគមដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍សម្រាប់កុមារ (South East Asia's Largest Community Arts Project for Children) នាយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានដង្ហែតុក្កតាដាយណូស័រ តាមដងវិថីមួយចំនួននាក្រុងសៀមរាប ហើយដែលមានអ្នកចូលរួមអាចដល់ខ្ទង់១ម៉ឺននាក់។

បើតាមអ្នករៀបចំបានឲ្យដឹងថា សម្រាប់អ្នកចូលរួមដង្ហែក្បួនតុក្កតាដាយណូស័រនៅរាត្រីនោះ គឺបានចាប់ផ្ដើមទាំងពីម៉ោង៦:៣០នាទីរសៀល ដោយចេញដំណើរពីវត្តដំណាក់ តាមដងផ្លូវជាប់មាត់ស្ទឹង រហូតឆ្លងស្ពានព្រះរាជដំណាក់ មកសួនច្បារមុខព្រះរាជដំណាក់ ក្បែរព្រះអង្គចេកព្រះអង្គចម នាខាងមុខសណ្ឋាគារ Grand Hotel និងបន្តទៅតំបន់ផប់ស្ទ្រីត ផ្សារចាស់ រហូតដល់ម៉ោងជាង១០:០០នាទីយប់។

សម្រាប់អ្នកចូលរួមរៀបចំនិងដំឡើងតុក្កតាយក្សទាំង៩ដោយផ្ទាល់ គឺមានកុមារ៦៥០នាក់ ក្រុមសិល្បករតុក្កតាយក្ស សិល្បករដឹកនាំសិក្ខាសាលារយៈពេល៣សប្ដាហ៍ ជាមួយកុមារក្នុងការបង្កើតតុក្កតាយក្សចំនួ៩ ដែលជាតុក្កតាដាយណូស័រ ទាំងអស់នៅឆ្នាំ២០២៤នេះ។

ជាក់ស្ដែងក្នុងក្បួនដង្ហែរនារាត្រីនេះមានទាំងការសម្ដែងពីក្នុងល្ខោនសៀកកម្ពុជាហ្វារ សំឡេងនៃអង្គរ និងការប្រគុំតន្ត្រីផ្ទាល់ក្នុងទម្រង់ផ្សេងៗទៀតផងដែរ ដើម្បីភាពសប្បាយរីករាយជាច្រើន។

តំណាងអ្នករៀបចំបានបន្តឲ្យដឹងថា ការរៀមចំព្រឹត្តិការណ៍នេះ មិនត្រឹមតែដើម្បីបានកម្សាន្ត និងភាពសប្បាយរីករាយប៉ុណ្ណោះទេ គឺក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយវិស័យទេសចរណ៍ជាតិ និងបង្កើនភាពទាក់ទាញសម្រាប់គោលដៅភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា នាពេលកន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» បានផ្ដល់អនុសាសន៍ដល់ក្រសួងទេសចរណ៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ដើម្បីរួមគ្នាលើកស្ទួយវិស័យទេសចរណ៍ជាតិ និងបង្កើនភាពទាក់ទាញសម្រាប់គោលដៅកម្ពុជា៕