(កណ្ដាល)៖ គណៈបញ្ជាការឯកភាពខេត្តកណ្ដាល ដឹកនាំដោយលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បាននិងកំពុងបន្ដតាមដាន ក្ដោមក្ដាប់សភាពការណ៍នានា ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នៅការិយាល័យបោះឆ្នោត ដែលមានទីតាំងស្ថិងក្នុងមណ្ឌលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុនសែន ខេត្តកណ្ដាល។

ជារួមសភាពការណ៍ទូទៅ នៅមណ្ឌលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុនសែន ខេត្តកណ្ដាល បានប្រព្រឹត្តទៅដោយរលូន មិនមានបាតុភាពណាមួយកើតឡើងនោះទេ ពោលសន្ដិសុខ សណ្ដាប់ធ្នាប់ត្រូវបានធានាយ៉ាងល្អប្រសើរ ហើយអង្គបោះឆ្នោតបានអញ្ជើញមកបោះឆ្នោតដោយក្ដីសប្បាយរីករាយ។

សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៉ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។

សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិកសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប៕