(ពោធិ៍សាត់)៖ ដំណើរការការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តពោធិ៍សាត់ គិតត្រឹមវេលាម៉ោង ៤រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលបឋមឲ្យដឹងថា អង្គបោះឆ្នោតមានចំនួនសរុប៣៤៥នាក់ បានមកចូលរួមបោះមានចំនួន៣៤៤សម្លេង ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៣៣៦សំឡេង និងគណបក្សឆន្ទៈខ្មែរ ទទួលបាន៨សំឡេង។

ចំពោះសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ធានាបានល្អ គ្មានការគំរាមកំហែង និងអំពើហិង្សាអ្វីនោះឡើយ គ.ជ.ប គ្រោងនឹងបិទបញ្ចប់ការបោះឆ្នោត នាវេលាម៉ោង៣រសៀលនេះហើយ។

សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយមានគណបក្សនយោបាយ ចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៉ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។

សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិកសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប។

ដោយឡែក សម្រាប់ខេត្តពោធិ៍សាត់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ត្រូវបានធ្វើឡើងនៅមណ្ឌលបោះឆ្នោតមណ្ឌលធនធាន ការិយាល័យលេខ៧០០៥ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាពោធិ៍សាត់ ដែលមានអង្គបោះឆ្នោតមកពីគណបក្សនយោបាយ ចំនួន២ សរុប៣៤៥នាក់ ក្នុងនោះគណបក្សប្រជាជនកម្ពុជា មានចំនួន៣១៥នាក់ (តំណាងរាស្ត្រ ០៤នាក់) និងមកពីគណបក្សភ្លើងទាន ចំនួន៣០នាក់៕