(ភ្នំពេញ)៖ តំណាងគណបក្សឆន្ទៈខ្មែរ លោក ដួង ស៊ីដារ៉ូ បានកត់សម្គាល់ឃើញថា ដំណើរការបោះ​ឆ្នោត​​ជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលរៀបចំឡើងនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មាន​ដំណើរការល្អប្រសើរ មិនមានបាតុភាពណាមួយរំខានដល់ដំណើរការបោះឆ្នោត ឬក៏រាប់សន្លឹកឆ្នោត​នោះ​ឡើយ។

លោក ស៊ីដារ៉ូ ក្នុងនាមគណបក្សឆន្ទៈខ្មែរ បានចូលរួមពិនិត្យដំណើរការបោះឆ្នោតក្នុងការិយាល័យបោះ​ឆ្នោតលេខ៣០០១ ក្នុងមណ្ឌលបោះឆ្នោតភូមិភាគទី៣ ក្នុងខេត្តកណ្តាល ដែលរៀបចំឡើងនៅមជ្ឈ​មណ្ឌល​គ​រុកោសល្យ​ភូមិភាគសម្តេចតេជោ ហ៊ុន សែន ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក ស៊ីដារ៉ូ បានប្រាប់ Fresh News ថា លោកបានទៅដល់ការិយាល័យបោះឆ្នោតនៅម៉ោង៦ព្រឹក ហើយក៏បានពិនិត្យមើលសន្លឹកឆ្នោត និងតាមដានលើដំណើរការបោះឆ្នោតទាំងស្រុងនៅក្នុងការិយា​ល័យ។

លោក ស៊ីដារ៉ូ បានកត់សម្គាល់ឃើញថា ដំណើរការបោះឆ្នោតប្រព្រឹត្តទៅក្នុងសភាពមួយស្ងប់ស្ងាត់ សណ្តាប់​ធ្នាប់ល្អ ហើយមិនមានបាតុភាពណាមួយកើតឡើងនាំឱ្យរំខាន់ដល់ដំណើរការនៃការបោះឆ្នោត​នោះទេ។

តំណាងគណបក្សឆន្ទៈខ្មែររូបនេះ ក៏បានបង្ហាញការសង្កេតរបស់ខ្លួនដែរថា អង្គបោះឆ្នោតបានចូលរួម​បោះ​ឆ្នោតដោយអារម្មណ៍ធម្មតា គ្មានការភិតភ័យណាមួយនោះឡើយ។ តាមរយៈស្ថានភាពនៃដំណើរ​ការបោះឆ្នោតនៅការិយាល័យបោះឆ្នោត៣០០១ លោក ស៊ីដារ៉ូ បានវាយតម្លៃថា ការរៀបចំបោះឆ្នោត​នេះ ប្រព្រឹត្តទៅបានល្អប្រសើរ។

លោក ស៊ីដារ៉ូ បានលើកឡើងទៀតថា រូបលោក គ្មានមតិយោបល់កែលំអអ្វីនោះឡើយ ព្រោះថាដំណើរ​ការនៃការបោះឆ្នោតបានល្អប្រសើរហើយ។

សូមបញ្ជាក់ថា ការបោះឆ្នោតនៅមណ្ឌលភូមិភាគ៣ ក្នុងខេត្តកណ្តាលមានមណ្ឌល​បោះឆ្នោតចំនួន​មួយ និងមានការិយាល័យចំនួន២។ នៅក្នុងមណ្ឌលភូមិភាគ៣នេះ មានអង្គបោះឆ្នោត ៩២៦រូប។ លទ្ធផលបោះឆ្នោតគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោត ៧៧៩សំឡេង គណបក្សឆន្ទៈខ្មែរទទួលបាន ១៣០សំឡេង គណបក្សហ៊្វុន​ស៊ិនប៉ិច ទទួលបាន៤សំឡេង និងគណបក្សកម្លាំងជាតិទទួលបាន ១២សំឡេង ហើយសន្លឹកឆ្នោតមួយសន្លឹកមិនបានការ៕