(ពោធិ៍សាត់)៖ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលអញ្ជើញមកពីភូមិទាំង៨ ក្នុងឃុំត្រពាំងជង សរុបប្រមាណ៤២០នាក់ ក្នុងនោះស្រី២៨២នាក់ បានមកទទួលសេវា ពិនិត្យ និងព្យាបាលជំងឺបឋម ដោយឥតគិតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់។

ការពិនិត្យ និងព្យាបាលជំងឺនេះដែរ ត្រូវបានធ្វើឡើង នៅបរិវេណវត្តបាកាន ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ដោយបានការដឹកនាំសម្របសម្រួលពីសំណាក់ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាពាំងជង។

លោក អ៊ឹង ឌីប៉ូឡា បានឱ្យដឹងថា លោក កែវ រតនៈ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ លោកតែងតែយកចិត្តទុក្ខដាក់ខ្ពស់ អំពីសុខមាលភាពរបស់ ប្រជាពលរដ្ឋ នៅក្នុងខេត្តពោធិ៍សាត់ទាំងមូល។ ជាមួយគ្នានោះ លោកក៏បានរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះឡើង នៅតាមបណ្តាក្រុងស្រុកទូទាំងខេត្ត ចំពោះស្រុកបាកាន និយាយជារួមនិងនិយាយដោយឡែក សម្រាប់ឃុំត្រពាំងជង ក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក កែវ រតនៈ មួយក្រុមផងដែរ។

លោកប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងជង បន្ថែមថា គិតមកដល់ពេលនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក កែវ រតនៈ បានចុះទៅបណ្តាឃុំមួយចំនួន ក្នុងស្រុកបាកានរួចរាល់ហើយ ដោយឡែកសម្រាប់ឃុំត្រពាំងជង យើងបានគ្រោងនឹងរៀបចំរយៈពេល៣ថ្ងៃពេញគឺ៖

ទី១-ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ចាប់ផ្តើមពីម៉ោង៧ និង៣០នាទីព្រឹក ទីតាំងនៅវត្តបាកាន សម្រាប់០៨ភូមិ (បឹង ប្រិយ៍ អូររំចេក បាកាន កាប់ក្រឡាញ់ ស្ទឹងកំបុត ពោធិល្ប៍ បូរស្រង៉ែ ព្រះចំបក់ ហើយក៏បើកចំហរសម្រាប់ភូមិផ្សេងៗទៀត)។
ទី២-ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ចាប់ផ្តើមពីម៉ោង៧ និង៣០នាទីព្រឹក ទីតាំងនៅវត្តធម្មយុត្តិ សម្រាប់០៨ភូមិ (ត្រពាំង ជង កោះកែវ កោះស្វាយ ក្តីឈ្នួល កោះអណ្តែត ស្រែល្វា ចំការអូរ កណ្ដឹងមាស ហើយក៏បើកចំហរសម្រាប់ភូមិផ្សេងៗទៀត)។
ទី៣-ថ្ងៃទី៣ ខែមីនា ចាប់ផ្តើមពីម៉ោង៧ និង៣០នាទីព្រឹក ទីតាំងនៅវត្តពិតត្រង់ សម្រាប់០៤ភូមិ (ពិតត្រង់ ស្វាយទោល ភូមិថ្មី និងក្រោលក្របី ហើយក៏បើកចំហរសម្រាប់ភូមិផ្សេងៗទៀត)។

លោក អ៊ឹង ឌីប៉ូឡា បានបញ្ជាក់ផងដែរថា ជាទូទៅលោក កែវ រតនៈ បានដាក់ផែនការឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ រៀងរាល់៣ខែម្តង (ក្នុងមួយឆ្នាំ៤ដង) តែដោយសារឃុំត្រពាំងជង មានភូមិច្រើន ប្រជាពលរដ្ឋមានចំនួនច្រើនផងនោះ លោកបានស្នើសុំចុះរៀងរាល់៤ខែម្តង (ក្នុងមួយឆ្នាំ៣ដង) ដោយចុះម្តង៣ទីតាំង។ លោកបន្តថា ការដែលចុះនេះ គឺជាការពិនិត្យ និងព្យាបាលជំងឺបឋម ប្រសិនបើមានបញ្ហាឈឺធ្ងន់ធ្ងរ យើងអាចបន្តបញ្ជូនពួកគាត់ទៅមណ្ឌលសុខភាព ឬទៅមន្ទីរពេទ្យបន្ថែមទៀត។ ក្រៅពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ គឺនៅមានក្រុមការងារគណបក្សចុះមូលដ្ឋាន ដែលដឹកនាំដោយលោកផ្ទាល់ គឺតែងតែចាត់ចែង ឱ្យក្រុមការងារបន្តចុះតាមខ្នងផ្ទះដូចភ្លៀងរលឹម ដើម្បីជួបពិភាក្សា និងអន្តរាគមន៍ជួយប្រជាពលរដ្ឋ ដែលមានបញ្ហាឈឺថ្កាត់ ឬប្រឈមផ្សេងៗ។

ជាមួយគ្នានោះ លោក អ៊ឹង ឌីប៉ូឡា បានបញ្ជាក់បន្ថែមថា តាមផែនការសម្រាប់ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ យើងគ្រោងពិនិត្យ និងព្យាបាលបឋម ដោយឥតគិតថ្លែ ជូនបងប្អូនប្រជាពលរដ្ឋ ចន្លោះពី៤០០-៥០០នាក់ ជាក់ស្តែងគិតត្រឹមម៉ោង ៣ និង៣០នាទីនេះ មានបងប្អូនពុកម៉ែប្រជាពលរដ្ឋ ប្រមាណ៤២០នាក់ប៉ុណ្ណោះ ក្នុងនោះស្រី២៨២នាក់ គឺបានមកទទួលសេវាឥតគិតថ្លៃនេះ៕