(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា បរិយាកាសទូទៅជុំវិញការបោះឆ្នោតមានសភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងពុំមានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ។

ការបញ្ជាក់របស់ប្រធានគ.ជ.ប បានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការសរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោកបានបញ្ជាក់បន្ថែមថា «យើងអាចចាត់ទុកការបោះឆ្នោតនេះ ជាការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ»

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ មានអង្គបោះឆ្នោតប្រមាណ ១១.៧៣០ នាក់ ស្មើនឹង ៩៩,៨៦ ភាគរយ បានអញ្ជើញទៅបោះឆ្នោត ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ១១.៧៤៧នាក់។

គ.ជ.ប នឹងប្រកាសលទ្ធផលបឋមនៅឈប់នេះ ហើយបន្តប្រកាសលទ្ធផលបណ្តោះអាសន្ននៅថ្ងៃទី២៩ ខែកុម្ភៈ។ លទ្ធផលផ្លូវការ អាចនឹងប្រកាសនៅថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៤ ក្នុងករណីដែលគ្មានបណ្តឹងតវ៉ា៕