(ភ្នំពេញ)៖ ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលរៀបចំឡើងនៅ​ថ្ងៃ​អាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបិទបញ្ចប់ទៅប្រកបដោយភាពល្អប្រសើរ រក្សាបាន​សណ្តាប់​ធ្នាប់ សន្តិសុខល្អ មិនមានបាតុភាពណាមួយរំខានដល់ដំណើរការបោះឆ្នោត ឬរាប់សន្លឹកឆ្នោតនោះ​ឡើយ។

របាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា មានអង្គបោះឆ្នោតប្រមាណ ១១,៧៣០នាក់ បានចេញទៅបោះឆ្នោត ស្មើនឹង៩៩.៨៦ភាគរយ ពោលអ្នកមិនបានទៅបោះឆ្នោត​មាន​​ត្រឹមតែ១៧នាក់ប៉ុណ្ណោះ។ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតអសកល អ្នក​ដែលទៅបោះឆ្នោតមានតែសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅក្នុងតំណែង​តែ​ប៉ុណ្ណោះ។

លោក ផាន់ រិទ្ធិពល មន្ត្រីគ្រប់គ្រងការបោះឆ្នោតនៅមណ្ឌលភូមិភាគទី៣ ក្នុងខេត្តកណ្តាល បានឱ្យដឹង​ថា ការិយាល័យបោះឆ្នោតទាំងពីរ ក្នុងមណ្ឌលបោះឆ្នោតនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ​សម្តេច​តេជោ ហ៊ុន សែន បានដំណើរការបោះឆ្នោតប្រកបដោយភាពស្ងប់ស្ងាត់ សណ្តាប់ធ្នាប់ល្អប្រសើរ មិន​មានបាតុភាពអ្វីទាំងអស់។ ទាំងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត មានការចូលរួមតាមដាន​សង្កេតពីតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដោយមិនមានបាតុភាពអ្វី​ទាំង​អស់។

លោក ផាន់ រិទ្ធិពល បានបង្ហាញក្តីសប្បាយរីករាយ និងពេញចិត្តជាខ្លាំងចំពោះស្ថានភាពដ៏ល្អប្រសើរ​នៃ​ដំណើរ​ការ​បោះឆ្នោត ក៏ដូចជារាប់សន្លឹកឆ្នោតនេះ។ មន្ត្រីគ្រប់គ្រងការបោះឆ្នោតរូបនេះ បានចាត់ទុក​ភាព​ល្អប្រសើរនេះ បង្ហាញឱ្យពីភាពចាស់ទុំផ្នែកប្រជាធិបតេយ្យនៅក្នុងសង្គមកម្ពុជា។

លោក រិទ្ធិពល បង្ហាញក្តីរំពឹងថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាចាក់គ្រឹះកាន់តែរឹងមាំ ហើយប្រជា​ពល​រដ្ឋគ្រប់រូបជ្រូតជ្រាបកាន់តែច្បាស់ពីគុណតម្លៃ និងការប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនតាមប្រជាធិប​តេយ្យ ដើម្បីកសាងសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន៕