(សៀមរាប)៖ សិប្បករអង្គរ ដែលជាកន្លែងផ្តោតលើសិល្បៈ ចម្លាក់ និងសូត្រខ្មែរ រំពឹងថា ទទួលបានការគាំទ្រច្រើនឡើងវិញពីភ្ញៀវទេសចរ ក្រោយបើកដំណើរការឡើងវិញបន្ទាប់ពី ជំងឺកូវីដ១៩ ស្របពេល​សន្ទុះរបស់ភ្ញៀវទេសចរមានការកើនឡើងគួរឲ្យកត់សម្គាល់នៅ​ខេត្តសៀមរាប។

ថ្លែងក្នុងពិធីបើកសម្ពោធហាងលក់ផលិតផល ដើម្បីពង្រីកវិសាលភាពតាមតម្រូវការភ្ញៀវទេសចរ​នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក កាយ ឡូត អគ្គនាយកសិប្បករអង្គរ ឬអាទីសង់អង្គរ បានឲ្យដឹងថា សិប្បករអង្គរបើកសម្ភោធហាងថ្មីនាពេលនេះ ដោយសារ​ហាងចាស់​មានទំហំតូច និងត្រូវបានខូតខាតក្នុងអំឡុងពេលបិទខ្ទប់នៃវិបត្តិកូវីដ។

ដោយឡែក ហាងថ្មីនេះមានទំហំទូលាយដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវទស្សនា។ សិប្បករអង្គរ បានបើកដំណើរការឡើងវិញនៅអំឡុងខែតុលា ឆ្នាំ២០២៣មកម្ល៉េះ។ លោកបន្តថា សិប្បករអង្គរ បានបើកដំណើរការឡើងវិញទាំងអស់នូវប្រភេទផលិតផល ដែលផលិតករផលិត មានដូចជា ចម្លាក់ពីថ្ម ឈើ ហូល ផាមួង សូត្រ និងម្រាក់ ជាដើម។

លោក កាយ ឡូត បានបន្តថា សព្វថ្ងៃនេះសិប្បករអង្គរ បានព្យាយាមប្រមូលសិប្បករ​ដែលធ្លាប់ធ្វើការនៅក្រុមហ៊ុនពីមុនៗមក ដើម្បីឲ្យគាត់ត្រឡប់ចូលមកវិញ ហើយគិតត្រឹមខែកុម្ភៈនេះ មានសិប្បករចំនួន២៥០នាក់​ ដែលបានចូលមកធ្វើការវិញ។ សិប្បករអង្គរនឹងបន្តហៅពួកគាត់ដែលធ្លាប់ធ្វើការជាមួយក្រុមហ៊ុនឲ្យមកចូលធ្វើការជាបណ្តើរៗ។ លោក កាយ ឡូត បន្តថា សិប្បករអង្គរ ក៏ដូចជាប្រតិបត្តិករទេសចរណ៍ផ្សេងៗទៀត ដែលមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយវិបត្តិជំងឺកូវីដ ហើយប្រឹងប្រែងងើបឡើងវិញ ដើម្បីរួមចំណែកស្ដារវិស័យទេសចរណ៍ខេត្តសៀមរាប ស្របតាមគោលនយោបាយ​របស់រាជរដ្ឋាភិបាល។

លោកបន្តទៀតថា ដោយមានការខិតខំពីរាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍បានកៀរគរភ្ញៀវទេសចរឲ្យមកទស្សនាកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលខេត្តសម្បូរទៅដោយសម្បតិ្តវប្បធម៌។ ដោយឃើញថា ភ្ញៀវទេសចរ គាត់អញ្ជើញត្រឡប់មកវិញជាបណ្តើរៗ ដូច្នេះហើយ ទើបសិប្បករអង្គរ បានរៀបចំឲ្យដំណើរការ​ឡើងវិញនូវគ្រប់ផ្នែកនៅពេលនេះ។ លោកបន្តថា ការដំណើរការឡើងវិញនៅសិប្បករអង្គរនេះ ដើម្បីឲ្យភ្ញៀវទេសចរ អញ្ជើញមកទស្សនាពីស្នាដៃវប្បធម៍របស់ខ្មែរ​ ហើយក្នុងឆ្នាំ២០២៤នេះដែរ យើងនឹងបើកមជ្ឃមណ្ឌលសូត្រនៅពួក ដើម្បីឲ្យភ្ញៀវទេសចរចូលទស្សនា ដោយបច្ចុប្បន្ននេះ នៅបិទឡើយ។

ចំណែកអ្នកស្រី លឹម ម៉ានីល ប្រធានផ្នែកគ្រប់គ្រងហាងលក់សម្ភារអនុស្សាវរីយ៍នៃសិប្បករអង្គរ បានឲ្យដឹងថា បច្ចុប្បន្ននេះ យើងមានរោងជាងចំនួន៧ និងបានធ្វើចម្លាក់មានដូចជា៖ ចម្លាក់ឈើ ចម្លាក់ថ្មភក់ ឬថ្មកែវ និងប្រភេទសូត្រ។ វត្ថុដែលដាក់លក់នៅក្នុងហាងភាគច្រើន​​រចនាម៉ូដទាក់ទង​នឹងសាសនាព្រះពុទ្ធ និងរូបចម្លាក់មួយចំនួន ដែលមាននៅតាមប្រាសាទ ដែលរចនាម៉ូដទាក់ទង​ទៅនឹង​ប្រពៃណីរបស់ខ្មែរ។

ចំពោះការរចនាម៉ូដរូបចម្លាក់ដែលភ្ញៀវទេសចរណ៍ គាត់ចាប់អារម្មណ៍ គឺរូបចម្លាក់ព្រះពុទ្ធ និងរូបចម្លាក់ព្រះបាទជ័យវរ្ម័ន្ទីរ៧។ បច្ចប្បន្ននេះ ភ្ញៀវទេសចរមកទស្សនាសិប្បកម្មអង្គរក្នុងមួយថ្ងៃ មានចំនួន៣០០នាក់ ដល់៥០០នាក់ និងថ្ងៃខ្លះឡើងរហូតដល់ ១០០០នាក់ក៏មានដែរ សន្ទុះភ្ញៀវទេសចរណ៍ចាប់ពីខែ១ ដល់ដើមខែ៣នេះ ភ្ញៀវទេសចរមានការកើនឡើងច្រើន។
​លោក សូរ មករា ជាងចម្លាក់ឈើ បានឲ្យដឹងថា លោកធ្វើចម្លាក់នេះឈើតាំងពីឆ្នាំ១៩៩៥​មកហើយ ប៉ុន្តែដោយសារកូវីដ ក្រុមហ៊ុនបានបិទមួយរយៈនឹងលោកបានទៅប្រកបរបរផ្សេងៗ ដើម្បីផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារ។ លោកមានសេចក្តីសប្បាយរីករាយជាខ្លាំង​​នៅពេល​សិប្បករអង្គរ បានបើកដំណើរការឡើងវិញ និងបានហៅបុគ្គលិកដែលធ្លាប់ធ្វើការ​ពីមុនៗឲ្យមកចូលធ្វើការវិញ៕