(ភ្នំពេញ)៖ អ្នកសង្កេតការណ៍ជនជាតិជប៉ុន បានមើលឃើញថា ដំណើរការបោះឆ្នោតនៅកម្ពុជានាពេល​បច្ចុប្បន្នមានភាពល្អប្រសើរច្រើន បើធៀបនឹងឆ្នាំ២០១៣។

លោក ហារ៉ាដា សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យតូក្យូ បានចំណាយពេលចូលរួមសង្កេតដោយ​ផ្ទាល់​លើ​ដំណើរ​ការ​បោះ​ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី​២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោក ហារ៉ាដា បានសង្កេតដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៅមណ្ឌលចំនួនពីរ គឺមណ្ឌលបោះ​ឆ្នោតក្នុងខេត្តកណ្តាល និងមណ្ឌលបោះឆ្នោតក្នុងរាជធានីភ្នំពេញ។ អ្នកសង្កេតការណ៍ជនជាតិជប៉ុនរូប​នេះ បានឱ្យដឹងថា រូបលោកបានចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតនៅកម្ពុជាតាំងពីឆ្នាំ២០១៣​មកម្ល៉េះ។

លោក ហារ៉ាដា ជាជនជាតិជប៉ុនមួយរូប ដែលស្រឡាញ់កម្ពុជា ហើយបានរៀននិយាយភាសាខ្មែរ​បាន​យ៉ាង​ល្អថែមទៀតផង។ជាមួយនឹងការសង្កេតយ៉ាងយកចិត្តទុកដាក់ លោក ហារ៉ាដា បានមើលឃើញ​ថា ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅថ្ងៃបានប្រព្រឹត្តដោយភាពល្អប្រសើរ។

លោក ហារ៉ាដា បានរំលឹកទៅឆ្នាំ២០១៣ថា ដំណើរការបោះឆ្នោតនៅកម្ពុជាមានភាពស្មុគស្មាញច្រើន ព្រោះមិនទាន់ប្រើប្រាស់ប្រព័ន្ធបច្ចេកជួយដល់ការបោះឆ្នោត។ លោក បានឱ្យដឹងថា លោករួមជាមួយ​អង្គការចៃកា របស់ជប៉ុន បានផ្តល់អនុសាសន៍ជាច្រើ​ន ដើម្បីកែលំអនីតិវិធី និងដំណើរការនៃការបោះ​ឆ្នោត។

លោក ហារ៉ាដា បាននិយាយថា អនុសាសន៍ដែលផ្តល់នោះប្រហែលជាគណៈកម្មាធិការជាតិរៀបចំការ​បោះ​ឆ្នោតទទួលយកហើយ ទើបប្រព័ន្ធបោះឆ្នោតនៅកម្ពុជានាពេលនេះមានភាពល្អប្រសើរ។ លោក បានកត់សម្គាល់ឃើញថា ការរៀបចំបញ្ជីឈ្មោះបោះឆ្នោតនៅពេលនេះមានភាពល្អប្រសើរ ដោយសារ​តែបញ្ចូលទៅក្នុងប្រព័ន្ធ ជួយឱ្យអ្នកបោះឆ្នោតងាយស្រួលរកឈ្មោះរបស់ពួកគេ។ មិនដូចកាលពីឆ្នាំ​២០១៣ បញ្ជីឈ្មោះបោះឆ្នោតរៀបចំដោយដៃ នាំឱ្យអ្នកបោះឆ្នោតពិបាករក។

លោក ក៏បានសរសើរពីនីតិវិធីបោះឆ្នោតនៅកម្ពុជា ដែលមានការបញ្ជាក់ និងផ្ទៀងអត្តសញ្ញាណពេល​ចូល​ការិយាល័យបោះឆ្នោត ធ្វើឱ្យដំណើរការបោះឆ្នោតកាន់តែច្បាស់លាស់៕