(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការចោទប្រកាន់ជនជាតិចិនម្នាក់ ដែលបើករថយន្ដ LAMBORGHINI បុកអ្នកជិះម៉ូតូបណ្ដាលឲ្យស្លាប់។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បា ឲ្យដឹងថា បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភស្ដុតាងក្នុងសំណុំរឿងមានលក្ខណៈគ្រប់ គ្រាន់ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ FU ZHONG HUA ភេទប្រុស កើតថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨៦ ជនជាតិចិន ពីបទបង្ករគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ (បើកបរក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៨៦mg/L) ប្រព្រឹត្តនៅចំណុចមុខក្រុមហ៊ុនSDB លើមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា៨៥ កថាខណ្ឌទី២ ចំណុចខ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងពីបទរត់គេចខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យ ផ្ដន្ទាទោសតាមមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ រួចបញ្ជូនជនសង្ស័យ និងសំណុំរឿងទៅសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១២៖៤៤នាទីរំលង អធ្រាត្រឈ្មោះ FU ZHONG HUA ភេទប្រុស ជនជាតិចិន បានបើករថយន្តមួយគ្រឿងម៉ាក LAM BORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កម្ពុជា F.R.999 ផលិតឆ្នាំ២០២២ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល០.៨៦mgL លុះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយអ្នកបើកម៉ូតូម្នាក់ ភេទប្រុស ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យអ្នកជិះម៉ូតូ ស្លាប់នៅនឹងកន្លែង ហើយអ្នកបើកបររថយន្ត បើករត់គេចខ្លួនចេញពីកន្លែងកើតហេតុ ជាមួយអ្នក រួមដំណើរចំនួន២(ពីរ)នាក់ ជាជនជាតិចិន៕