(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ សហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ ក្នុងវិស័យមូលបត្រ» នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបតកម្ពុជា និងលោក កើត ឆែ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងយុត្តិធម៌ គណៈអភិបាលខណ្ឌ-អធិការខណ្ឌទាំង១៤ ចៅសង្កាត់-មេប៉ុស្តិ៍ទាំង១០៥ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធផងដែរ។

លោក កើត ឆែ បានលើកឡើងថា សិក្ខាសាលានេះ ក្នុងន័យបង្កើនការយល់ដឹង ចែករំលែក ព័ត៌មាន បទពិសោធន៍ និងក្របខណ្ឌគតិយុត្ត ពាក់ព័ន្ធនឹងវិស័យមូលបត្រ ដែលជាឧបករណ៍ហិរញ្ញវត្ថុថ្មីមួយ សម្រាប់វិនិយោគិននៅក្នុងទីផ្សារមូលបត្រ សំដៅសហការផ្សព្វផ្សាយជាលក្ខណៈចម្រុះស្ថាប័ននៅរាជធានីភ្នំពេញ ជាពិសេស អាជ្ញាធរមូលដ្ឋាន ដើម្បីយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពអាជីវកម្មមូលបត្រត្រឹមត្រូវតាមច្បាប់ និងសកម្មភាពអាជីវកម្ម មូលបត្រដែលខុសច្បាប់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ប្រយោជន៍សាធារណៈ និងខាតបង់លុយកាក់របស់ បងប្អូនប្រជាពលរដ្ឋ ក្រោមរូបភាពវិនិយោគខុសច្បាប់ណាមួយជាយថាហេតុ។

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យក ផ្នែកឯកជនគឺជាកម្លាំងចលករនៃការអភិវឌ្ឍ និងជាក្បាលម៉ាស៊ីនជំរុញកំណើន សេដ្ឋកិច្ចជាតិ ក្នុងនោះ នាពេលបច្ចុប្បន្ន ពាណិជ្ជករ ធុរជន វិនិយោគិនជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន បាននឹងកំពុងរីករាយទទួលយកនូវមនុញ្ញផល នៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលជារបៀបវារៈដ៏សំខាន់សម្រាប់គាំទ្រដល់ការវិនិយោគ និងជំរុញឲ្យមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ដោយរក្សាអត្រា អតិផរណាទាប ហើយអ្នកសេដ្ឋកិច្ចវិទូ បានព្យាករណ៍ថា ប្រទេសកម្ពុជា នឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ នាឆ្នាំ២០៥០ខាងមុខនេះ។

លោកបន្តថា វិស័យមូលបត្រ ត្រូវបានរាជរដ្ឋាភិបាលក្នុងអាណត្តិដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ផ្តួចផ្តើមបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៦ និង បានបន្តលូតលាស់ក្នុងនីតិកាលថ្មីនេះ ក្រោមការពូនជ្រំអភិវឌ្ឍន៍របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នាពេលបច្ចុប្បន្ន ដែលវិស័យនេះ ត្រូវបានគេស្គាល់ថាជាឧបករណ៍ហិរញ្ញវត្ថុថ្មី សម្រាប់វិនិយោគិននៅក្នុងទីផ្សារមូលបត្រ ដូចជាធនាគារ, ក្រុមហ៊ុនធានារ៉ាប់រង និងការប្រមូលមូលនិធិវិភាគទានពីសាធារណជន ដើម្បីប្រើប្រាស់ក្នុងការវិនិយោគជាក់លាក់ណាមួយ ដោយផ្តល់ជាផលកម្រៃហិរញ្ញវត្ថុ ការប្រាក់ ឬភាគលាភផ្សេងៗ ក្រោមការត្រួតពិនិត្យរបស់និយ័តករមូលបត្រកម្ពុជា។

ជាគោលការណ៍ ប្រសិនបើវិស័យនេះ ត្រូវបានអនុវត្តដោយត្រឹមត្រូវតាមនិយាមហិរញ្ញវត្ថុ និងក្របខណ្ឌច្បាប់ វានឹង ផ្តល់នូវប្រភពទុនក្នុងស្រុកមិនចេះរីងស្ងួត សម្រាប់ម្ចាស់អាជីវកម្មទូទៅ ហើយបង្កើតឡើងនូវប្រភពចំណូលសមស្រប សម្រាប់បុគ្គល និងតួអង្គសេដ្ឋកិច្ចផ្សេងទៀត។

យ៉ាងណាមិញ ស្របពេលដែលសេដ្ឋកិច្ចជាតិមានភាពរីកចម្រើន គួបផ្សំនឹងបរិយាកាសវិនិយោគកាន់តែល្អប្រសើរ អាស្រ័យដោយនិន្នាការសេដ្ឋកិច្ចសកល និងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា យើងសង្កេតឃើញថា សកម្មភាពផ្សព្វផ្សាយកៀរគរថវិកាពីបងប្អូនប្រជាពលរដ្ឋ ក្រោមរូបភាពវិនិយោគ ឬការជួញដូរក្នុងទីផ្សារមូលបត្រ ដែលគ្មានប្រភពច្បាស់លាស់ ដោយសន្យាផ្តល់ប្រាក់ចំណេញខ្ពស់ ប៉ុន្តែជាក់ស្តែង គឺជាការឆបោក បានកើតមានឡើងជាបន្តបន្ទាប់ក្នុងសង្គមជាតិយើង ដូច្នេះយើងត្រូវរួមគ្នាចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ចៀសវាងការរីករាលដាលកាន់តែធ្ងន់ធ្ងរ ដែលអាចបង្កជាហានិភ័យសម្រាប់សេដ្ឋកិច្ចជាតិទាំងមូល។

លោក ស៊ូ​ សុជាតិ​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបតកម្ពុជា បានថ្លែងថា​ សិក្ខាសាលាថ្ងៃនេះ ចង់ឲ្យប្រជាពលរដ្ឋយល់ដឹងលេីការវិនិយោគលេីវិសយ័មូលប័ត្រ ដោយអនុវត្តអោយបានត្រឹមត្រូវជាមួយក្រុមហ៊ុនវិនិយោគមានច្បាប់ទំលាប់ត្រឹមត្រូវ។ កត្តាសំខាន់មួយទៀត គឺសូមអោយអាជ្ញាធរមូលដ្ឋានបន្តផ្សព្វផ្សាយពីសារសំខាន់ នៃវិស័យមូលប័ត្រ កុំឲ្យគេបោកប្រាស់បាន​ និងការពារក្រុមហ៊ុន ដែលមានច្បាប់ត្រឹមត្រូវ ដេីម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ៕