(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងថ្លែងថា សាលារៀនរីកចំរើនទៅបានអាស្រ័យលោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ សហគមន៍ សហការគ្នាល្អ ។

លោក សាយ គឹមឡម ថ្លែងកិច្ចប្រជុំត្រួតពិនិត្យឆ្លុះបញ្ចាំងលទ្ធផលការអនុវត្តន៍ការងាររបស់សាលាបឋមសិក្សានៅក្នុងស្រុកស្ទោងឆ្នាំសិក្សា២០២២ -២០២៣ កន្លងទៅ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកបន្តថា ក្នុងនាមជាអ្នកគ្រប់គ្រងដឹកនាំអង្គភាពមួយត្រូវតែមានភាពប៉ិនប្រសព្វ ឆ្លៀសវៃ មានទំនួលខុសត្រូវ មានសាមគ្គីភាពផ្ទៃក្នុងបានល្អ និងកិច្ចសហការគ្នាខ្ពស់ មានផែនការមេ គ្រប់គ្រងដឹកនាំច្បាស់លាស់ ផែនការអភិវឌ្ឍន៍ត្រឹមត្រូវ និងធ្វើបច្ចុប្បន្នភាពជាប្រចាំឆ្នាំ ហ៊ានទទួលខុសត្រូវនិងហ៊ានទទួលយកការពិត ចេះឆ្លុះបញ្ចាំង និងស្វ័យវាយតម្លៃការអនុវត្តការងាររបស់ខ្លួនកន្លងមក និងខិតខំបំពេញបន្ថែមរាល់ចំណុច ខ្វះខាតទាំងឡាយដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់ក្រសួងអប់រំ ជាពិសេសបំផុតគឺត្រូវមានឥរិយាបថល្អគ្រប់ស្ថានភាពក្នុងការបំពេញ និងអនុវត្តការងារ ដែលជាគំរូល្អសម្រាប់សិស្សានុសិស្ស និងមហាជនផងដែរ។

លោកបញ្ជាក់ថា លោកនាយក នាយការ លោកគ្រូ អ្នកគ្រូ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវជាពិសេសគឺការគោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់សាលារៀន ក៏ត្រូវខិតខំកៀរគរមូលធន ពីសប្បុរសជនជិតឆ្ងាយ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីបន្ថែមជាមួយថវិកាដែលរាជរដ្ឋាភិបាលបានផ្ដល់ជូនដើម្បីជួយអភិវឌ្ឍន៍សាលារៀនហើយគ្រប់គ្រងនិងប្រាស់ថវិកាប្រកបដោយ គណនេយ្យភាព និងតម្លាភាពបំផុត ដើម្បីទទួលបានទំនុកចិត្តពីសហគមន៍ និងសាលារៀនមានការអភិវឌ្ឍជាលំដាប់។

លោកបានបន្ថែមថា ក្នុងនាមជាអ្នកអប់រំ ជាគ្រូបង្រៀន ជាអ្នកដឹកនាំអង្គភាព ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ហើយលោក សាយ គឹមឡម បានប្រកាសគាំទ្រពេញទំហឹងនូវការដាក់ចេញរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ក្នុងការធ្វើតេស្តអ្នករាជការ និងបណ្ដេញចេញពីស្ថាប័នក្រសួង ប្រសិនបើរកឃើញថាមានពាក់ព័ន្ធគ្រឿងញៀន ហើយឆ្នាំក្រោយប្រសិនបើមានរើសគ្រូកិច្ចសន្យា លោកនឹងត្រូវឲ្យធ្វើតេស្តគ្រឿងញៀនលើបេក្ខជនជាមុនដើម្បីគុណភាព និងប្រសិទ្ធភាពការងារ និង លុបបំបាត់គ្រឿងញៀនពីក្នុងមូលដ្ឋានឲ្យខាងតែបាន។

គួរបញ្ជាក់ថា ការឆ្លុះបញ្ចាំងនៅពេលនេះ គឺមានការអញ្ជើញចូលរួមរបស់លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ ប្រមាណ៦១៩នាក់ ហើយផ្អែកទៅលើសាលារៀនចំនួន៨០លើ៨៣សាលាបឋមសិក្សានៅក្នុងស្រុកស្ទោង៕