(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីដង្ហែជ័យលាភីអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្ត និងលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទជាច្រើនរូបទៀត។

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ នៅសួនវិមានឯករាជសម្តេចក្រឡាហោម ស ខេង ក្រុងបាត់ដំបង។

លោក សុខ លូ បានជំរុញឲ្យអាជ្ញធរពាក់ព័ន្ធទាំងអស់ខិតខំយកចិត្តទុកដាក់ធ្វើការប្រលងប្រណាំងគ្រប់អង្គភាពជំនាញទាំងអស់ ដើម្បីដណ្តើមបានជ័យលាភីឲ្យបានច្រើនជាងឆ្នាំមុនៗ សម្រាប់ខេត្តបាត់ដំបង
យើងនេះ។

លោកបន្តថា កាលពីឆ្នាំមុនៗកន្លងទៅ ខេត្តតែងតែបានទទួលជ័យលាភីជាប់ៗគ្នាជាបន្តបន្ទាប់ ធ្វើឲ្យមុខមាត់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង មានមោទនភាពខ្លាំងជាក់ស្តែងនៅក្នុងឆ្នាំ២០២៣កន្លងទៅនេះ គណ:កម្មាការវាយតម្លៃ ថ្នាក់ជាតិបានវាយតម្លៃជ័យលាភីអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ ជាលទ្ធផលសម្រាប់ខេត្តបាត់ដំបងទទួលបានជ័យលាភី៣សាលា និងបានផ្តល់ជ័យលាភីដោយផ្ទាល់ពីសម្តេច
ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាកន្លងថ្មីៗនេះ។

ក្នុងនោះមាន លេខ១ (ស្ទួន) បានទៅលើសាលាបឋមសិក្សាសម្តេច ជា ស៊ីម ក្រុងបាត់ដំបង ដោយទទួលបានពាន១ វិញ្ញាបនបត្រ១ និងថវិកា២០០លានរៀល, ជ័យលាភី លេខ៧ បានទៅលើ សាលាបឋមសិក្សាវត្តចែង នៅក្នុងស្រុកសង្កែ ទទួលបានវិញ្ញាបនបត្រ១ និងថវិកា៤០លានរៀល, ជ័យលាភី លេខ១០ បានទៅលើសាលាបឋមសិក្សាបាក់អំរែក នៅក្នុងស្រុកឯកភ្នំ ទទួលបានវិញ្ញាបនបត្រ១ និងថវិកា៤០លានរៀល។ ដោយឡែកវិស័យសុខាភិបាលក្នុងខេត្តបាត់ដំបងពុំបានទទួលជ័យលាភីនោះទេ។

បន្ទាប់ពីប្រសាសន៍សំខាន់ៗផ្សេងទៀតរបស់គណ:អធិបីរួចមក ក្រុមការងារ បានបែងចែកផែនតាមស្ថាប័ននានាដង្ហែជ័យលាភីតាមដងផ្លូវក្នុងក្រុងបាត់ដំបង ជាកិច្ចបង្ហើយផងដែរ៕