(កំពង់ចាម)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ សាខាខេត្តកំពង់ចាម នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពីការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅកម្ពុជា ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោក ជិន ពិសិដ្ឋ នាយកប្រតិបត្តិសាខាសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារខេត្តកំពង់ចាម។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ សម្រាប់និស្សិតនៅសាកលវិទ្យាល័យ អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ និងគុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។ សិក្ខាសាលានេះក៏បានផ្ដល់ឱកាសដល់និស្សិតដើម្បីបង្កើនចំណេះដឹងបន្ថែមពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។

កម្មវិធីនេះមានការចូលរួមដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្ត្រីជំនាញ សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ សាខាខេត្តកំពង់ចាម៕