(កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយករណីល្បែងផ្សងសំណាងតាមប្រព័ន្ធអេឡិចត្រូនិច អនឡាញ ឆ្នោតឡូតូ ជល់មាន់រួមទាំងល្បែងគ្រប់ប្រភេទ នៅគ្រប់បណ្តាស្រុក និងតាមមូលដ្ឋាន។

ក្នុងកិច្ចប្រជុំនេះ មានការចូលរួមអាជ្ញាធរគ្រប់ក្រុង/ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការ និងសិស្សានុសិស្សជាច្រើនរូប។

លោក ហាក់ ឡេង បានលើកឡើងថា អាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវមានវិធានការឲ្យបានម៉ឺងម៉ាត់ និងមិនត្រូវឲ្យមានករណីល្បែងផ្សងសំណាងតាមប្រព័ន្ធអេឡិចត្រូនិច អនឡាញ ឆ្នោតឡូតូ ជល់មាន។ល។

លោក ហាក់ ឡេង បានសង្កត់ធ្ងន់ថា អាជ្ញាធរក្រុង/ស្រុកនិងប៉ុស្តិ៍រដ្ឋបាល ត្រូវចុះអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ និងកុំគិតផលប្រយោជន៍ខ្លួនឯងនាំទុក្ខដល់ប្រជាពលរដ្ឋ។ បើកាលណាមានល្បែងស៊ីសង គឺមានអំពើហិង្សា ចោរកម្ម ធ្វើឲ្យប្រជាពលភ័យខ្លាចទៀតផង។ ដូច្នេះដើម្បីភូមិឃុំមានសុវត្ថិភាព យើងត្រូវចូលរួមសហការជាមួយប្រជាពលរដ្ឋ ផ្សព្វផ្សាយ និងពន្យល់ឲ្យពួកគាត់យល់ពីករណីល្បែងស៊ីសងឲ្យច្បាស់ និងឲ្យបានញឹកញាប់៕