(ពោធិ៍សាត់)៖ ប្រជាពុទ្ធបរិស័ទ នៅភ្នំពេញជិត៥០នាក់ ដឹកនាំដោយឧបាសិកា សេង គីមមួយ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានដង្ហែព្រះពុទ្ធបដិមាករ ធ្វើអំពីថ្មកែវ ដ៏ល្អសប្រណិតមួយព្រះអង្គ មកអភិសេកតម្កល់ក្នុងទីទួលប្រាសាទបុរាណ «ប្រាសាទវត្តបាកាន ឬប្រាសាទព្រះអង្គខ្មៅ» ដែលស្ថាបនាឡើងពីថ្មបាយក្រៀម ពីសម័យដើមមក ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

កាលដែរដង្ហែព្រះពុទ្ធបដិមាករនេះឡើង គឺដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន អ្នកស្នេហាជាតិ ពិសេសឧទ្ទិសជូន ដល់លោកឳពុក សេង ឃី អ្នកម្តាយ ម៉ៅ ហៀម បងប្អូនប្រុស ស្រី មាមីញ ដែលបានលាចាកលោក ទៅកាន់ទីឋានបរមសុខ។

សូមជម្រាបជូនថា «វត្តបាកាន» មានចម្ងាយប្រមាណជា១៧គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ ដែលមានព្រះចៅអធិការវត្តបច្ចុប្បន្ន ព្រះនាម ព្រះតេជគុណ ឡាយ កន។ ពីដូនតាមកមានការនិទានថា ទីតាំងត្រង់ម្តុំនេះ គឺជាចំណុចកណ្តាលនៃប្រទេសកម្ពុជា។ អ្នកស្រុក តែងមកបន់ស្រន់ព្រះអង្គវត្តបាកាន សុំកុំឱ្យមានគ្រោះរាំងស្ងួត ស្រូវលិចទឹក កុំឱ្យសត្វល្អិតបំផ្លាញ និងសុំឱ្យប្រមូលផលស្រូវបានច្រើន ហើយការបន់ស្រន់នោះ ពិតជាសក្តិសិទ្ធិពិតមែន ព្រោះមានបារមី​ព្រះ​អង្គ​បែរ​ព្រះ​ភ័ក្ត្រ​ទៅ​ទិស​ខាងលិច ជួយ​មើលថែ​រក្សា​ទឹកដី​ខេត្ត​ទាំង​ប៉ុន្មាន ​ចាប់ពី​ត្រឹមហ្នឹង​រហូត​ដល់​ប្រទេស​ថៃ។ នៅជាប់ខាងកើតព្រះវិហារ មានទួលប្រាសាទបុរាណមួយ ឈ្មោះថា «ប្រាសាទវត្តបាកាន ឬប្រាសាទព្រះអង្គខ្មៅ» ដែលមានបារមីព្រះអង្គបែរព្រះភ័ក្ត្រ ទៅទិសខាងកើត ជួយមើលថែ​រក្សា​ទឹកដី​ខេត្ត​ទាំង​ប៉ុន្មាន ​រហូត​ដល់​ប្រទេស​វៀតណាម។

តាមរឿងព្រេងប្រាសាទបុរាណខ្មែរ និងតាមការនិទានតៗគ្នា ពីមួយជំនាន់ទៅមួយជំនាន់ បានឱ្យដឹងថា ប្រាសាទវត្តបាកាន បានកសាងឡើងក្នុងសតវត្សរ៍ទី១៤ (ប្រហែលជាក្នុងអំឡុងឆ្នាំ១៣៩៥) ក្នុងរាជព្រះបាទជ័យវរ្ម័នទី៩ ដែលជាចុងសម័យអង្គរ ស្របពេលនឹងការកកើតប្រទេសឡាវ និងប្រទេសថៃ។

កាលពីរាប់រយឆ្នាំមុន មានដើមពោធិ៍មួយដើម បានអណ្តែតពីក្រុងមហានគរ តាមទន្លេសាប ហូរតាមស្ទឹងបឹងខ្នារ ដោយកាត់តាមតំបន់មួយចំនួន។ ពេលរំកិលខ្លួនមកដល់ស្ទឹងព្រះម្លូ ដែលបច្ចុប្បន្នគេហៅថាស្ទឹងបាកាននោះ ពួកអ្នកស្រុកបានយកព្រ័ត្រមកទាក់ឡើងគោក ក្នុងបំណងរក្សាទុកជាវត្ថុនាំភាពត្រជាក់ត្រជុំ ដោយជ្រើសយកទួលមួយ សម្រាប់ធ្វើពិធីបួងសួង និងជាទីតាំងសម្រាប់ដាក់ដាំដើមពោធិ៍នោះតែម្តង។

ចាប់តាំងពីពេលនោះមក ទីទួលទាក់ដើមពោធិ៍នោះ អ្នកស្រុកបាននិយមហៅថាទួល «បានការ» ដែលក្រោយៗមក បែរជានាំគ្នាហៅគន្លាស់ទៅជាទួល «បាកាន» ទៅវិញ រហូតមកដល់សព្វថ្ងៃ។ ចំណែកតំបន់ទាក់ដើមពោធិ៍នោះ ទាំងមូលវិញ ពួកអ្នកស្រុកនាំគ្នានិយមហៅថាតំបន់ «ពោធិរសាត់ៗ» ដែលក្រោយៗមកក៏ក្លាយទៅជា «ពោធិ៍សាត់ៗ» អញ្ចឹងទៅ។

ទីតាំងស្រុកបាកានបច្ចុប្បន្ន ពីអតីតកាលគឺជាទីតាំងខេត្តពោធិ៍សាត់ នៅក្នុងសម័យលង្វែក, ក្រោមរជ្ជកាលព្រះបាទច័ន្ទរាជា ត្រូវបានផ្លាស់ប្តូរទីតាំងគ្រប់គ្រងរដ្ឋបាលពីបាកាន ទៅមាត់ស្ទឹងពោធិ៍សាត់ រហូតមកដល់សព្វថ្ងៃ។ ដោយសារតំបន់នោះ សប្បូរជនជាតិជងរស់នៅ ទើបបានជាមានជាប់ឈ្មោះថាត្រពាំងជង រហូតមកដល់សព្វថ្ងៃនោះផងដែរ៕