(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានសេចក្តីជូនដំណឹង ស្តីពីការជួយសម្រួលដល់តម្រូវការប្រើប្រាស់ចរន្តអគ្គិសនី ជាបណ្តោះអាសន្ន ក្នុងរយៈពេលខ្លី សម្រាប់ការប្រារព្ធពិធីផ្សេងៗ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

បើតាមសេចក្ដីជូនដំណឹង, ដើម្បីជួយសម្រួលដល់ការចាំបាច់របស់អតិថិជន ក្នុងការប្រារព្ធពិធីផ្សេងៗនៅតាមគេហដ្ឋាន ដែលមានតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីកម្លាំងធំ ក្នុងរយៈពេលខ្លី អគ្គិសនីកម្ពុជា អាចផ្ដល់ការអនុញ្ញាត ជូនតាមសំណើររបស់អតិថិជនរហូតដល់ 3ph x 100A ឬ 70kVA (បន្តចេញពីខ្សែបណ្តាញចែកចាយសាធារណៈ) សម្រាប់ការប្រើប្រាស់ជាបណ្តោះអាសន្នមិនលើស១សប្តាហ៍ ដោយតម្រូវឱ្យអតិថិជនសហការអនុវត្តដូចខាងក្រោម៖

១៖ អតិថិជនត្រូវដាក់ពាក្យស្នើសុំតាម EDC App ឬនៅតាមបណ្តាទីតាំងសាខារបស់អគ្គិសនីកម្ពុជា ដែលស្ថិតនៅជិតទីតាំងមានតម្រូវការប្រើប្រាស់ ឱ្យបានយ៉ាងតិច ១៥ថ្ងៃ មុនពេលមានតម្រូវការប្រើប្រាស់
លើកលែងតែក្នុងពិធីបុណ្យសព អាចដាក់ពាក្យភ្លាមៗបាន។ ព័ត៌មានលម្អិតអាចទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ នៅលើវិក្កយបត្រអគ្គិសនី។

២៖ ថ្លៃថាមពលប្រើប្រាស់ក្នុងអំឡុងពេលប្រារព្ធពិធី ត្រូវកត់ត្រាបញ្ចូលក្នុងវិក្កយបត្រអគ្គិសនី យកតាមអត្រាថ្លៃថាមពលអគ្គិសនីប្រចាំខែ។

៣៖ ការចំណាយលើការដំឡើងនាឡិកាស្ទង់ ឌីសុងទ័រ និងបរិក្ខាផ្សេងៗ សម្រាប់ការប្រើប្រាស់ជាបណ្តោះអាសន្ន ក្នុងអំឡុងពេលប្រារព្ធពិធី និងការប្រចាំការថែរក្សាចរន្ត ជាបន្ទុករបស់អគ្គិសនីកម្ពុជា លើកលែងតែខ្សែបណ្តាញ និងសម្ភារបរិក្ខារអគ្គិសនី ចាប់ពីក្រោមឌីសុងទ័ររបស់អគ្គិសនីកម្ពុជា ជាបន្ទុករបស់អតិថិជន៕