(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានប្រាប់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តតាមដានទប់ស្កាត់ការទន្ទ្រានយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធ ដែលជាបញ្ហាធ្វើឲ្យមានរាំងស្ទះដល់ការអភិវឌ្ឍ ទៅថ្ងៃអនាគត។

ការថ្លែងរបស់លោកអភិបាលខេត្តស្វាយរៀងយ៉ាងដូច្នេះ នៅក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង ស្ថិតនៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរ លោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តបានល្អប្រសើ។ 

បន្ថែមលើសពីនេះ លោកអភិបាលខេត្តផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

*១៖ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរបន្ថែមទៀត។
*២៖ រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសត្រូវពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ ដីចំណីបឹង ទន្លេ ព្រែក ឱ្យបានល្អសម្រាប់ជាប្រយោជន៍សាធារណៈ។
*៣៖ រដ្ឋបាលក្រុង ស្រុកត្រូវពង្រឹង និងតាមដានអំពីព័ត៌មាននៅតាមបណ្តាញសង្គមដែលកើតមានឡើងនូវក្នុងមូលដ្ឋានរបស់ខ្លួន ហើយត្រូវមានប្រតិកម្មឆ្លើយតបដោយភាពត្រឹមត្រូវចំពោះព័ត៌មានណាដែលផ្សាយមិនពិត ក្នុងនោះត្រូវទទួលយកនូវព័ត៌មានណាដែលរិះគន់ក្នុងន័យស្ថាបនា។
*៤៖ អាជ្ញាធរ ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹងបញ្ហាភូមិឃុំមានសុវត្ថិភាព ពិសេសទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់។
*៥៖ រដ្ឋបាលក្រុង ស្រុក ត្រូវជម្រុញដល់អាជ្ញាធរមូលដ្ឋានបន្តតាមដានជនឆ្លៀតឱកាស ដែលមានសកម្មភាពទន្ទ្រានយកដីរដ្ឋ ដូចជាដីចំណី បឹង ព្រែក ទន្លេ ជាដើម ត្រូវធ្វើការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
*៦៖​ អាជ្ញាធរក្រុង ស្រុក ត្រូវបន្តតាមដានទប់ស្កាត់ការទន្ទ្រានយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធដែលជាបញ្ហាធ្វើអោយមានរាំងស្ទះដល់ការអភិវឌ្ឍទៅថ្ងៃអនាគត។
*៧៖ មន្ទីរធនធានទឹក និងឧតុនិយម និងមន្ទីរកសិកម្មខេត្ត ត្រូវបន្តតាមដានការបង្ករបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវត្រៀមលក្ខណៈរកប្រភពទឹកក្នុងការជួយសង្គ្រោះស្រូវក្នុងករណីខ្វះខាតទឹក៕