(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ ជែមស៍ ចូនស៍ (General James L. Jones) នាយកប្រតិបត្តិក្រុម​ហ៊ុន Jones Group International និងមានអតីតភាពជាមេបញ្ជាការកងម៉ារីនសហរដ្ឋអាមេរិក បាន​ដឹកនាំក្រុមការងារជំនាញលើការងារផ្តល់ប្រឹក្សាយោបល់មួយក្រុមបំពេញទស្សនកិច្ចនៅកម្ពុជា។ ទស្សន​កិច្ច​របស់​លោក មានគោលដៅសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនង ការវិនិយោគ និងពាណិជ្ជកម្មរវាង​កម្ពុជា និងអាមេរិក។

លោកឧត្តមសេនីយ ចូនស៍ ធ្លាប់ដឹកនាំបម្រើការជាមេបញ្ជាការកងម៉ារីនសហរដ្ឋអាមេរិក (Marine Corps) ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៣, ជាមេបញ្ជាការកំពូលនៃកងកម្លាំងសម្ព័ន្ធមិត្តអឺរ៉ុប​នៅ​អង្គការ NATO ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧, ជាមេបញ្ជាការនៃបញ្ជាការដ្ឋានកិច្ចការអឺរ៉ុប និង​អាហ្វ្រិករបស់ សហរដ្ឋអាមេរិក (US European and African Command) នៅប្រទេសអាឡឺ​ម៉ង់ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧, ប្រេសិតពិសេសនៃក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការ​សន្តិសុខតំបន់មជ្ឈិម បូព៌ាចាប់ពី២០០៧ ដល់ឆ្នាំ២០០៨, និង ជាទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិកចាប់ពី ឆ្នាំ២០០៩ ដល់ឆ្នាំ២០១០។

ឧត្តមសេនីយ ចូនស៍ បានក្លាយជាអ្នកតស៊ូមតិប្រកបដោយបរិយាប័ន្នសម្រាប់វិស័យឯកជនក្នុងបញ្ហា​សន្តិសុខ​ជាតិ និងគោលនយោបាយការបរទេស, លើកទឹកចិត្តបង្កើនកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន, និងមានឆន្ទៈក្នុងការរក្សាភាពជាអ្នកដឹកនាំសកលរបស់សហរដ្ឋអាមេរិក ក្នុងសតវត្សរ៍​ពោរ​ពេញ​ទៅ​ដោយ​​បញ្ហាប្រឈមនាពេលបច្ចុប្បន្ន។

ឧត្តមសេនីយ ចូនស៍ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយ​បាននាំមកជាមួយអ្នកជំនាញផ្តល់ប្រឹក្សាយោបល់លើគោលនយោបាយការបរទេស, ផែនការ​យុទ្ធ​សាស្ត្រ, សន្តិសុខជាតិ និងយុទ្ធសាស្ត្រយោធា ដែលមានបទពិសោធន៍យូរឆ្នាំ។

គោលដៅធំនៃដំណើរទស្សនកិច្ចរបស់អតីតមេបញ្ជាការកងម៉ារីនសហរដ្ឋអាមេរិករូបនេះ គឺការធ្វើឱ្យ​ប្រសើរ​ឡើងនូវទំនាក់ទំនងពាណិជ្ជកម្ម និងការលើកកម្ពស់វិស័យឯកជន ដែលជាចំណែកមួយដ៏ធំ​សម្រាប់ធ្វើឱ្យកាន់តែប្រសើរលើទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោក ចូនស៍ នឹងដឹកនាំក្រុមការងាររបស់លោកចូលជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ជួបជា​មួយឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ, ជួបឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជួបនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជា​ការកង​យោធពលខេមរភូមិន្ទផងដែរ។

នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ចូនស៍ និងក្រុមការងាររបស់លោក បានចូលជួប​ពិភាក្សា​​​​​ការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។ បន្ទាប់ពីជំនួបចង្អៀតហើយនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក ចូនស៍ បានបើកកិច្ចពិភាក្សាទូលាយមួយពាក់ព័ន្ធ​ការ​វិនិយោគ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។ កិច្ចពិភាក្សានោះ មានការអញ្ជើញចូលរួម​ដោយ​លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, អ្នក​ជំនួញ​ធំៗ​នៅកម្ពុជា មកពី​សភាពាណិជ្ជកម្មកម្ពុជា សមាគមឧកញ៉ា និងមានការចូលរួមពីថ្នាក់ដឹកនាំ​សភា​ពាណិជ្ជ​​កម្ម​អាមេរិក នៅ​កម្ពុជាផងដែរ។

ជំនួបនេះ ធ្វើឡើងក្នុងគោលដៅស្វែងរកឱកាសពង្រីកបន្ថែមនូវការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាង​កម្ពុជា និងអាមេរិក។ ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងបង្ហាញ គោលដៅជាយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ត្រួសត្រាយកិច្ចសហ​ប្រតិបត្តិការថ្មីៗ និងពង្រីកឱ្យបានកាន់តែប្រសើរនូវពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជា និងសហ​រដ្ឋ​អាមេរិក។ គោលដៅជាយុទ្ធសាស្ត្រមួយចំនួនដែលលោកឧបនាយករដ្ឋមន្ត្រី មានដូចជាការបង្កើនកិច្ច​សម្របសម្រួលពាណិជ្ជកម្មឱ្យរលូន ដូចជាបង្កភាពងាយស្រួលលើនីតិវិធីគយ កាត់បន្ថយរបាំង​ពាណិជ្ជ​កម្ម និងបទប្បញ្ញត្តិរដ្ឋបាលជាដើម, លើកកម្ពស់តម្រូវការទីផ្សារ តាមរយៈការពង្រីក និងបញ្ជ្រៀតទីផ្សារ​សម្រាប់ផលិតផលកម្ពុជា (Made in Cambodia) ឬការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដូចជា កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី(FTA) ឬការពង្រឹងពាណិជ្ជកម្មដែលមានស្រាប់។ បន្ថែមពីលើនោះ សហរដ្ឋអាមេរិក ក៏អាចគាំទ្រការវិនិយោគរបស់កម្ពុជា តាមរយៈគំនិតផ្តួចផ្តើមដូចជាជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងសកម្មភាពលើកកម្ពស់ និងផ្សព្វផ្សាយការវិនិយោគជាដើម។

ក្នុងកិច្ចពិភាក្សានោះ ឧត្តមសេនីយ៍ ចូនស៍ បានលើកបង្ហាញពីការសង្កេតរបស់លោក ឃើញនូវភាព​រីក​ចម្រើនរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសបានចាប់អារម្មណ៍ការដាក់ចេញ​គោលដៅរបស់​រាជរដ្ឋាភិបាលកម្ពុជា ប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០, ការដាក់ទិសដៅប្រែក្លាយកម្ពុជាពីប្រទេសប្រើប្រាស់កម្លាំងពលកម្មទៅជាប្រទេសប្រើប្រាស់ជំនាញបច្ចេកទេស និងផែនការរៀបចំឱ្យមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់បច្ចេកវិទ្យាទំនើបជាដើម។

ឧត្តមសេនីយ៍ ចូនស៍ បានបញ្ជាក់ថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីជួយជំរុញឱ្យមានការកើន​ឡើង​នូវ​ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសកម្ពុជា និងអាមេរិក។ លោកឧត្តមសេនីយ៍ ជឿជាក់ថា ការផ្តោតជាអាទិភាពលើការបង្កើនពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា គឺជាឱកាសមួយដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគឱ្យរឹងមាំ។

លោក ចូនស៍ បានលើកឡើងទៀតថា ការបង្កើនពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក អាចនឹងជំរុញឱ្យសេដ្ឋកិច្ច​របស់​កម្ពុជាជាមួយនូវថាមពលដ៏អស្ចារ្យ ឱកាសការងារ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងនឹងជួយ​គាំទ្រដំណើររបស់កម្ពុជាឆ្ពោះទៅរកការសម្រេចឱ្យបាននូវឋានៈជាប្រទេសមានប្រាក់ចំណូលខ្ពស់។

លោក ចូនស៍ បានមើលឃើញដែរថា ទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយផ្លែផ្កា មិនត្រឹមតែផ្ដល់ផល​ចំណេញដល់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់ផលចំណេញដល់សហរដ្ឋអាមេរិកផងដែរ។ វានឹងជួយបង្កើត​ការងារថ្មីៗសម្រាប់ផលិតផល និងសេវាកម្មរបស់អាមេរិក ក៏ដូចជាបើកចំហទ្វារសម្រាប់អ្នកជំនួញ​អាមេរិកបោះទុនវិនិយោគ និងពង្រីកប្រតិបត្តិការរបស់ពួកគេនៅកម្ពុជា។

ក្នុងកិច្ចពិភាក្សានេះ ក៏បានផ្តល់ឱកាសឱ្យអ្នកជំនួញធំៗដែលចូលរួមក្នុងពិធីនោះ បានលើកឡើងនូវមតិ​យោ​ប​ល់ជាច្រើន ដើម្បីបានជាធាតុសម្រាប់ជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និង​អាមេ​រិក​​ឱ្យ​កាន់តែប្រសើរ។

ក្នុងដំណើរទស្សនកិច្ចរបស់លោក ចូនស៍ និងក្រុមការងារនៅកម្ពុជានេះ លោកក៏នឹងជួបពិភាក្សាការងារ​ជាមួយធនាគារពិភពលោក និងក្រសួងពាណិជ្ជកម្មផងដែរ។ តាមរយៈដំណើរទស្សនកិច្ចរបស់លោក ចូនស៍ និងក្រុមការងារ ត្រូវបានគេរំពឹងថា នឹងរួមចំណែកធ្វើឱ្យការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអាមេរិកកាន់តែល្អប្រសើរមួយកម្រិតថែមទៀត ខណៈបច្ចុប្បន្នការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរកំពុងមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់៕