(ហ្សាការតា)៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយលោក Vincent Raymond ប្រធានគណៈកម្មាធិការអន្តរជាតិនៃគណៈប្រតិភូថ្នាក់តំបន់កាកបាទក្រហម ប្រចាំឥណ្ឌូណេស៊ី និងទីម័រខាងកើត។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សារកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងកាកបាទក្រហម ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងបញ្ហាជំនួយមនុស្សធម៌ជាដើម។

នៅរសៀលថ្ងៃចន្ទ លោក Ricardo Coppa ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាហ្សង់ទីនប្រចាំអាស៊ាន បានជូនសារតាំងដល់បណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានអបអរឯកអគ្គរដ្ឋទូត និងបានបញ្ជាក់ឡើងវិញពីការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូត ដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងអាហ្សង់ទីន។

នៅល្ងាចថ្ងៃចន្ទ បណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមពិសាបាយការងារពេលល្ងាចរៀបចំដោយលោក Ouadia Benabdellah ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រម៉ារ៉ុកប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរកវិធី និងមធ្យោបាយថ្មីៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងម៉ារ៉ុក ក្រោយពីរដ្ឋមន្ត្រីការបរទេសអាស៊ានបានសំរេចផ្តល់ឋានៈ ជាដៃគូសន្ទនាតាមវិស័យដល់ប្រទេសម៉ារ៉ុក នៅក្នុងកិច្ចប្រជុំកាលពីខែកញ្ញាឆ្នាំមុន៕