(កំពង់ស្ពឺ)៖ អាជ្ញាធរស្រុកភ្នំស្រួច បានលើកទឹកចិត្តឱ្យសហគមន៍កសិកម្មជាំសង្កែរុងរឿង ស្ថិតក្នុងភូមិក្បាលទឹកលើ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខិតខំបន្តពង្រឹង និងពង្រីកការងារដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វ ដើម្បីឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុក។ ការលើកឡើងនេះធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារសហគមន៍កសិកម្មជាំសង្កែរុងរឿង ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤។

លោក អ៊ុំ សំអឿន អភិបាលរងស្រុកភ្នំស្រួច បានលើកឡើងថា ដំណាំបន្លែធម្មជាតិ និងមាន់ស្រែដែលកសិករដាំ និងចិញ្ចឹមនៅតាមសហគមន៍ កំពុងទទួលបានការពេញនិយម និងចូលចិត្តពីអ្នកបរិភោគទូទៅ ពីព្រោះវាជាបន្លែធម្មជាតិ។ ដោយមើលឃើញដូច្នេះក្រសួង មន្ទីរពាក់ព័ន្ធ រួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូបានខិតខំស្វះស្វែងរកទីផ្សា និងជំរុញឱ្យសហគមន៍ទាំងអស់ខិតខំផលិត បង្កើនការដាំដុះនិងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់តម្រូវការចាំបាច់រាល់ថ្ងៃ ពិសេសជាងនេះគឺដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងពង្រីកសហគមន៍ឱ្យកាន់តែរីកចម្រើន។

ជាមួយគ្នានេះ លោកអភិបាលរងស្រុក ក៏បានក្រើនរំលឹកដល់ប្រជាសហគមន៍ទាំងអស់ ជុំវិញការផលិត ត្រូវដាក់ផែនការផលិតឱ្យបានច្បាស់លាស់តាមដាន និងពិនិត្យទៅលើតម្រូវការទីផ្សារ ចៀសវាងការផលិតច្រើនលើសតម្រូវការធ្វើឱ្យធ្លាក់តម្លៃ ផលិតផលដែលផលិតបាន ពិសេសត្រូវជ្រើសរើសមុខរបរណាដែលសមស្របនិងទីផ្សារ និងត្រូវជំរុញការស្រាវជ្រាវបច្ចេកទេសដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មដោយត្រូវគិតពីការបន្ថយចំណាយ បង្កើនផលចំនេញ មានប្រសិទ្ធិភាពសេដ្ឋកិច្ច ដោយមិនប្រកួតប្រជែងបរិមាណ តែគិតពីគុណភាពជាសំខាន់។

ជុំវិញការដឹកនាំសហគមន៍ឱ្យមានការរីកចម្រើននេះ អភិបាលរងស្រុកភ្នំស្រួច លោក អ៊ុំ សំអឿន បានសង្កត់ធ្ងន់ថា ទាក់ទងនឹងការជ្រើសរើសគណៈគ្រប់គ្រងសហគមន៍ សូមជ្រើសរើសប្រកបដោយការពិចារណាឱ្យបានត្រឹមត្រូវ ចំពោះអ្នកមានចំណេះដឹង ពិតប្រាកដនៅក្នុងការដឹកនាំ និងស្វែងរកទីផ្សារសម្រាប់សហគមន៍របស់ខ្លួនប្រកបដោយគណនេយ្យភាព និងមានតម្លាភាព ប្រសិទ្ធិភាព ដើម្បីផ្តល់ទំនុកចិត្តមកលើសមាជិកសហគមន៍ឱ្យមានការរីកចម្រើន។ អ្វីដែលសំខាន់គឺត្រូវយល់ពីការបណ្ដុះបណ្ដាលកសិកម្ម ការវាយតម្លៃ និងនីតិវិធី នៃការបង្កើតសហគមន៍កសិកម្ម ច្បាប់សហគមន៍កសិកម្ម លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាដើម ។

សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺ មានសហគមន៍ ចំនួន៥៧ ដែលកំពុងដំណើរការផលិតនូវដំណាំកសិម្មធម្មជាតិ គ្មានជាតិគីមីនិងចិញ្ចឹមសត្វនៅក្នុងស្រុក-ក្រុងទាំង៩ ហើយក៏គ្រោងបង្កើតឱ្យមាននៅតាមបណ្តាឃុំសង្កាត់ទាំង៨៨នៅទូទាំងខេត្តកំពង់ស្ពឺផងដែរ៕