(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញដីកាសម្រេចឃុំខ្លួនជនជាតិចិន ដែលបើករថយន្តស៊េរីទំនើបម៉ាក LAMBORGHINI បុកយុវជនម្នាក់បណ្តាលឲ្យស្លាប់ដាក់ពន្ធានាគារ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាលព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៦​ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការសំណុំរឿងព្រហ្មទណ្ឌ លេខ១២៦៧ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តម៉ាក LAMBORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជា F.R.999 បណ្តាលឱ្យស្លាប់អ្នកជិះម៉ូតូ និងបើកគេចខ្លួនពីកន្លែងកើតហេតុ។

ជនត្រូវចោទឈ្មោះ FU ZHONG HUA ភេទប្រុស កើតឆ្នាំ១៩៨៦ ត្រូវបានចោទប្រកាន់ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច» ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យស្លាប់អ្នកដទៃ (បើកបរក្នុងល្បឿនលឿន និងស្ថិតនៅក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាកុល ០,៨៦mg/L) និងពីបទ «រត់គេចខ្លួន» ប្រព្រឹត្តនៅចំណុចលើមហាវិថី សហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើស ព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៨៥ កថាខណ្ឌទី២ ចំណុច ខ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា៥៤៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ FU ZHONG HUA ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១២៖៤៤នាទីរំលង អាធ្រាត្រឈ្មោះ FU ZHONG HUA ជនជាតិចិន បានបើករថយន្តមួយគ្រឿងម៉ាក LAM BORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កម្ពុជា F.R.999 ផលិតឆ្នាំ២០២២ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងស្ថិតក្នុងស្ថានភាពស្រវឹងខ្លាំង លុះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយអ្នកបើកម៉ូតូម្នាក់ ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យអ្នកជិះម៉ូតូ ស្លាប់នៅនឹងកន្លែង ហើយអ្នកបើកបររថយន្ត បើករត់គេចខ្លួនចេញពីកន្លែងកើតហេតុ ជាមួយអ្នករួមដំណើរចំនួន២នាក់ទៀត ជាជនជាតិចិន រហូតសមត្ថកិច្ចតាមឃាត់ខ្លួនបាន៕