(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានផ្ញើសាររំលែកទុក្ខថ្វាយសម្តេចព្រះគណសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងចូលព្រះទិវង្គតរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នៅថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង ៥៖៤០នាទីល្ងាច ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ។

សាររំលែកទុក្ខរបស់រាជរដ្ឋាភិបាល មានខ្លឹមសារយ៉ាងដូច្នេះថា៖ ខ្ញុំព្រះករុណា ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រម ទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានសេចក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងអំពី ការយាងចូលទិវង្គតរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហា សង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសាយណ្ហសម័យ នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧:៤០នាទី នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ក្នុងព្រះជន្ម៩៣ព្រះវស្សា ដោយព្រះជរាពាធ។

ក្នុងឱកាសប្រកបដោយសេចក្តីទុក្ខដ៏ក្រៀមក្រំនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងមន្តី រាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានសេចក្តីសង្វេគ សោកស្ដាយ អាឡោះ អាល័យជាពន់ពេកប្រមាណ ស្ទើររកទីបំផុតគ្មាន ពីព្រោះការយាងចូលទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជា ធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ជាការបាត់បង់ ដ៏ធំធេងរបស់ជាតិនិងប្រជាជនកម្ពុជា។ ក្នុងពេញមួយព្រះជន្មរបស់សម្តេច សម្តេចបានខិតខំអស់ព្រះកាយពល ធ្វើពលិកម្មគ្រប់បែបយ៉ាង បូជាចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសសម្ដេចបានធ្វើពលិកម្ម ដ៏ខ្ពង់ខ្ពស់ទ្រទ្រង់ពុទ្ធប្បញ្ញត្តិនិងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យបានឧត្ដុង្គឧត្តមឡើងវិញ ក្រោយថ្ងៃ រំដោះ ៧ មករា ឆ្នាំ១៩៧៩ រហូតអស់ព្រះជន្ម។

ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ខ្ញុំព្រះករុណា សូមថ្វាយព្រះអាល័យ និងសូមវន្ទាឧទ្ទិសចំពោះព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រ កម្ពុជា សូមយាងទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។