(ម៉ាឡេស៊ី)៖ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដល់​ប្រទេស​​ម៉ាឡេស៊ីភ្លាម លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីរបស់ម៉ាឡេស៊ី ក៏បានរៀបចំពិធីទទួលបដិ​សណ្ឋារ​កិច្ចជាផ្លូវការតាមបែបបទពិធីការកម្រិតខ្ពស់ប្រកបដោយកិត្តិយសជាទីបំផុត។

ពិធីទទួលបដិសណ្ឋារកិច្ចដែលធ្វើឡើងនៅវិមានរដ្ឋាភិបាលរបស់ម៉ាឡេស៊ី ត្រូវបានរៀបចំទទួលដោយកង​កិត្តិយស កងត្រែទ័ព មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម៉ាឡេស៊ីជាច្រើន ជាមួយនឹងកម្រាលព្រំទ្រនូវដំណើរ​ដ៏​ក្រហម​ឆ្អិតឆ្អៅយ៉ាងវែងអន្លាយ។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចរួចរាល់ហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម បានដឹកនាំមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ជជែកពិភាក្សាការងារទ្វេភាគី។

សូមរំលឹកថា នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ អញ្ជើញ​បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី។ ដំណើរទស្សនកិច្ចនេះ​តបតាមការអញ្ជើញរបស់លោក ដាតុ ស៊ី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម (YB Dato' Seri Anwar Bin Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីរយៈពេលមួយថ្ងៃនេះ មានការអញ្ជើញអមដំណើរដោយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបមានដូចជា៖ លោក​ឧបនា​យករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងលោក លោកស្រីជាសមាជិក រាជរដ្ឋាភិបាលជាច្រើនរូបផ្សេងទៀត។ ដំណើរទស្សនកិច្ចក៏មានការអមដំណើរដោយ គណៈប្រតិភូសភា​ពា​ណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្នុងដំណើរអញ្ជើញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី សម្ដេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយ លោក ដាតុ ស៊ី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលនឹងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែម ទៀត ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យជាច្រើន រួមមាន នយោបាយ, ពាណិជ្ជកម្ម និងវិនិយោគ, ការពារជាតិ និងសន្តិសុខ, ការងារ, ទេសចរណ៍ បច្ចេកវិទ្យា​ឌីជីថល សន្តិសុខថាមពលជាដើម។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏នឹងពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម​រវាងប្រទេសទាំងពីរ និងតំបន់ផងដែរ។ នាយករដ្ឋមន្ត្រីកម្ពុជា និងម៉ាឡេស៊ី ក៏នឹងអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន៣រួមមាន អនុស្សារណៈ​យោគយល់គ្នាមួយ រវាងធនាគារជាតិ នៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី និងអនុស្សារណៈយោគយល់គ្នាពីរទៀត រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មម៉ាឡេស៊ី ព្រមទាំងអញ្ជើញធ្វើសន្និសិទ្ធសារព័ត៌​មាន​រួមគ្នា ផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងចូលក្រាបបង្គំគាល់ ព្រះចៅ ស៊ុលតង់ អ៉ីប្រាហ៉ីម អីស្ពាន់ដា (Sultan Ibrahim Iskandar) ព្រះមហាក្សត្រម៉ាឡេស៊ី, ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ដាតុ មូតាំង តា-ហ្កាល់ (Datuk Mutang Tagal) ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត តាន់ ស៊ី ដាតុ ចូហារី ប៉ីន អាប់ឌុល (YB Tan Sri Dator (Dr.) Johar Bin Abdul) ប្រធានរដ្ឋសភា​ម៉ា​ឡេ​ស៊ី។

សម្ដេចធិបតី ក៏នឹងអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ឆ្នាំ២០២៤ផងដែរ។ ក្នុងកម្មវិធី​នោះ សម្ដេចធិបតី នឹងថ្លែងសន្ទរកថាគន្លឹះស្ដីពី «គោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា-ម៉ាឡេស៊ី។ សម្ដេចធិបតី ក៏នឹងទទួលជំនួបសម្ដែងការគួសម ដោយធានាគារ Maybank របស់ម៉ាឡេស៊ីផងដែរ។

សម្តេចធិបតី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាកម្ពុជា នៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះវិញ។

សូមបញ្ជាក់ថា កម្ពុជា និងម៉ាឡេស៊ី បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នានៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៧។ នៅចន្លោះឆ្នាំ១៩៦៩ ដល់១៩៧៥ ចំណងការទូតនេះ រក្សានៅត្រឹមកម្រិត​ភារៈ​ធារីស្តីទី មាននិវេសនដ្ឋាននៅទីក្រុងប៉េកាំង។

លុះដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩១ ចំណងការទូតបានភ្ជាប់ឡើងវិញ ហើយក៏ត្រូវបានលើកកម្ពស់ជាបន្ត​បន្ទាប់ និងកាន់តែល្អប្រសើររហូតដល់ពេលបច្ចុប្បន្ន៕