(ម៉ាឡេស៊ី)៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេស​ម៉ា​ឡេស៊ី ក្រៅតែពីប្រកាសលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរហើយ​នោះ ក៏បានជជែកដល់កិច្ចការការពារជាតិ និងសន្តិសុខផងដែរ។ ជាពិសេសបានឯកភាពជំរុញសក្តា​នុពេលសេដ្ឋកិច្ច ទេសចរណ៍ និងការតភ្ជាប់ថាមពលតាមបាត់សមុទ្រ។

បណ្តាញសង្គមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅម៉ាឡេស៊ីនថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ តាមរយៈសម្តេចធិបតី, លោកនាយករដ្ឋមន្ត្រីម៉ាឡេសុី បានផ្តាំផ្ញើសួរសុខទុក្ខ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

សម្តេចធិបតី បានសម្តែងក្តីរីករាយចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះ និងបានថ្លែងអំណរគុណ​នាយក​រដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍​យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ច​របស់​សម្តេច​ធិបតី និងគណ:​ប្រតិភូ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា តាមរយៈការធ្វើទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី​កាល​ពីខែមីនា ឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាឱកាសនេះ នឹងរួមចំណែក​ក្នុង​ការ​ធ្វើឱ្យទំនាក់ទំនងដ៏យូរលង់រវាងកម្ពុជា-ម៉ាឡេស៊ី ឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ក្នុងជំនួបនេះ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបាន​ផ្លាស់​ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោ​បាយ ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការងារ ឧស្សាហកម្ម​អាហារ​ហា​ឡាល់ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពល។

ក្នុងជំនួបនោះ មេដឹកនាំកម្ពុជា និងម៉ាឡេស៊ី ក៏បានពិភាក្សាក្នុងការពិនិត្យលទ្ធភាពពង្រីក​នូវជើង​ហោះ​ហើរ​ផ្ទាល់ពីម៉ាឡេស៊ីទៅកាន់តំបន់ទេសចរណ៍សំខាន់ៗកម្ពុជា ដូចជាខេត្តសៀមរាបផងដែរ។ ក្នុងក្របខ័ណ្ឌ វិស័យការពារជាតិ និងសន្ដិសុខ កម្ពុជា និងម៉ាឡេស៊ី បានឯកភាពលើការបន្តជំរុញ​កិច្ចសហប្រតិបត្តិ​ការ​រួម​មាន៖ ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងការធ្វើ​លំ​ហាត់​រួមគ្នា។

ដោយឡែកលើវិស័យសន្តិសុខថាមពល ភាគីទាំងពីរ ក៏បានឯកភាពក្នុងការគាំទ្រការសម្របសម្រួល​សម្រាប់​គម្រោងខ្សែបញ្ជូនថាមពលក្រោមសមុទ្រ (ឡាវ-កម្ពុជា-សិង្ហបុរី) ដោយឆ្លងកាត់បាតសមុទ្រ​របស់​ប្រទេសម៉ាឡេស៊ី។ ជាងនេះទៅទៀត ភាគីទាំងពីរបានឯកភាពក្នុងការពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំ នៃ​គណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) នាពេលខាងមុខ ដែលដឹកនាំរួមគ្នា​ដោយ​រដ្ឋ​មន្ត្រីការបរទេសនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងសុទិដ្ឋិនិយមថា ទំនាក់ទំនងរវាង​កម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរឹងមាំ និងអាចឈានដល់កម្រិតទំនាក់ទំនងខ្ពស់បន្ថែមទៀត៕