(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយរដ្ឋាភិបាលអូស្រា្តលី បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public Private Partnerships - PPP) ដំណាក់កាលទី៣ ក្រោមកម្មវិធី Partnerships for Infrastructure (P4I) បន្ទាប់ពីបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលដំណាក់កាលទី១ កាលពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ និងដំណាក់កាលទី២ កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅប្រកបដោយជោគជ័យតាមការគ្រោងទុក។

សិក្ខាសាលាបណ្តុះបណ្តាលដំណាក់កាលទី៣ ត្រូវបានរៀបចំក្នុងគោលបំណងបន្តពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ និងចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស សម្រាប់យន្តការ PPP នៅកម្ពុជា។

សិក្ខាសាលាបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំបែងចែងវគ្គបណ្តុះបណ្តាលជា ២កម្រិត៖ សម្រាប់កម្រិតថ្នាក់ដឹកនាំ (Strategic Leaders) ដែលនឹងប្រព្រឹត្តទៅរយៈពេល កន្លះថ្ងៃ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា, និង សម្រាប់កម្រិតមន្រ្តីគ្រប់គ្រងគម្រោង (Project Managers Level) ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

សិក្ខាសាលាបណ្តុះបណ្តាលនេះ នឹងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធចំពោះកិច្ចការងាររៀបចំអភិវឌ្ឍគម្រោង PPP, តំណាងស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា និងតំណាងក្រុមការងារកម្មវិធី P4I ដើម្បីធ្វើការបណ្តុះ-បណ្តាល, ផ្សព្វផ្សាយ និងចែករំលែកជូនថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការដែលទទួលបន្ទុកកិច្ចការពាក់ព័ន្ធទៅនឹងគម្រោងវិនិយោគសាធារណៈតាមយន្តការ PPP ដើម្បីបានយល់ដឹងបន្ថែមលើវដ្តនៃគម្រោង PPP តាមរយៈ ឧត្តមានុវត្តន៍ អន្តរជាតិ បន្ថែមលើការអនុលោមតាមនីតិវិធីគ្រប់គ្រងប្រតិបត្តិការរួមសម្រាប់គម្រោង PPP ព្រមទាំងក្របខ័ណ្ឌគតិយុត្ត និងយន្ដការដែលមានស្រាប់ជូនដល់តួអង្គអនុវត្តគម្រោងដោយផ្ទាល់នៅតាមបណ្តាក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា។

សិក្ខាសាលាបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕