(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះផ្សព្វផ្សាយចំណេះដឹងអំពីវិជ្ជាសង្គ្រោះបឋម ជូនមន្ត្រី បុគ្គលិក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពិធីនេះដឹកនាំដោយលោក អុប ពុទ្ធា ប្រធានការិយាល័យសង្គ្រោះបឋម។

ការផ្សព្វផ្សាយចំណេះដឹងអំពីវិជ្ជាសង្គ្រោះបឋមនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំមន្ត្រី បុគ្គលិក សរុប១២៤នាក់ ស្រី៧០នាក់ ប្រព្រឹត្តទៅនៅអគារផ្ការំដួល សាលប្រជុំសែនពិដោរ នាទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គោលបំណងនៃការផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម ពង្រីកវិសាលភាពឱ្យបានទូលំទូលាយផ្តល់នូវចំណេះដឹងដល់មន្រ្តី បុគ្គលិក កម្មករ ក្រសួង មន្ទីរ ស្ថាប័ន និងក្រុមហ៊ុននានា ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា ឆ្នាំ២០២១- ២០៣០ ធ្វើយ៉ាងណាឱ្យក្នុងមួយគ្រួសារមាន១នាក់ យល់ដឹងពីវិជ្ជាសង្គ្រោះបឋម តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ចំណេះដឹងវិជ្ជាសង្រ្គោះបឋម អាចជួយសង្គ្រោះបឋមជាការចាំបាច់ក្នុងការជួយសង្គ្រោះជនរងគ្រោះ អ្នករងរបួស នៅកន្លែងការងារដែលជួបប្រទះជាញឹកញាប់ គ្រោះថ្នាក់ផ្សេងៗមួយចំនួនដូចជា គ្រោះថ្នាក់ចរាចរណ៍ សន្លប់ ការរងរបួសហូរឈាម ការបាក់ឆ្អឹង រលាក និងការបញ្ជូនជនរងគ្រោះមិនបានត្រឹមត្រូវ ជាហេតុធ្វើឱ្យជនរងគ្រោះ មានសភាពកាន់តែធ្ងន់ធ្ងរឈានដល់ការបាត់បង់បង់ជីវិតបាន ។ និយាយជារួមគឺ ក្នុងជីវភាពរស់នៅជាប្រចាំថ្ងៃរបស់មនុស្សត្រូវការសេវាកម្មសង្គ្រោះបឋម ជាការចាំបាច់បំផុតក្នុងការជួយសង្គ្រោះជនរងគ្រោះ អ្នករងរបួស ឬអ្នកជំងឺដោយសារមូលហេតុផ្សេងៗ មុនពេលគ្រូពេទ្យមកជួយ ឬមុនបញ្ជូនទៅកាន់មន្ទីរពេទ្យ។

សូមជម្រាបជូនថា ក្នុងរយៈពេល១០ឆ្នាំ កាកបាទក្រហមកម្ពុជា បានរៀបចំបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម មិនគិតកម្រៃជូនអ្នកស្ម័គ្រចិត្ត យុវជន កក្រក មន្ត្រីប្រត្តិបត្តិ និងមន្ត្រីរាជការ សរុប១,៤៤៣វគ្គ មានអ្នកចូលរួម ៥៨,១១២នាក់, បានផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋមជូនសាធារណៈជន តាមសហគមន៍ និងមន្ត្រីរាជការ មានអ្នកចូលរួមសរុប ១០២,៦៧៨នាក់, សកម្មភាពជួយសង្គ្រោះបឋម និងបញ្ជូនទៅមណ្ឌលសុខភាពចំនួន ១៧,៥២០នាក់, សកម្មភាពបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបង់ថ្លៃចំនួន៨១០វគ្គ មានអ្នកចូលរួមសរុប ១៩,៤៣៥នាក់, សកម្មភាពប្រារព្ធទិវាពិភពលោកសង្គ្រោះបឋមជូនសាធារណៈជន តាមសហគមន៍ និងមន្ត្រីរាជការ ដើម្បីបញ្ជ្រាបការយល់ដឹងវិជ្ជាសង្គ្រោះបឋម ដោយមានអ្នកចូលរួមសរុប ៦,៧២៨នាក់, ការងារផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋមតាមប្រព័ន្ធអនឡាញក្នុងបរិបទកូវីដ-១៩ សរុបចំនួន ៥០,០០០នាក់ ផងដែរ៕