(ម៉ាឡេស៊ី)៖ តាមកិច្ចប្រជុំទ្វេភាគីក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ី, សម្តេច​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានមើល​ឃើញដូចគ្នាពីសារៈសំខាន់នៃការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដើម្បីជំរុញសេដ្ឋកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់ថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី មាននិន្នាការកើនឡើង ប៉ុន្តែនៅមានវិស័យដែលមានសក្តានុពលជាច្រើន មិនទាន់បានប្រើប្រាស់ ដើម្បី​ពង្រឹង​ភា​ព​ជាដៃគូសេដ្ឋកិច្ចនៅឡើយ។ ក្នុងន័យនេះ សម្តេចធិបតី បានស្នើម៉ាឡេស៊ី ពិចារណាការ​បង្កើត​គណៈកម្មាធិការពាណិជ្ជកម្មរួមគ្នា ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម។

លោក អាន់វ៉ា បានលើកឡើងថា កម្ពុជា និងម៉ាឡេស៊ី មានសក្ដានុពលខ្ពស់​លើការធ្វើ​ពាណិជ្ជ​កម្ម ប្រេង​ដូង និងអង្ករ។ លោក បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកម្ពុជា និងម៉ាឡេស៊ី នឹងបង្កើតវេទិកាជជែក ពិភាក្សា ដើម្បីដោះស្រាយបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយនានា សម្រាប់ធ្វើឱ្យពាណិជ្ជកម្ម និង​ទេសចរណ៍កាន់តែល្អប្រសើរ។

លោក អាន់វ៉ា បានមើលឃើញផងដែរ ពីតួនាទីរបស់ស្ថាប័នគយប្រទេសទាំងពីរ ជួយ​សម្រួល​ការផ្លាស់ប្តូរ​ទំនិញ។ បើតាមលោក អាន់វ៉ា បានឱ្យដឹងថា ស្ថាប័នគយនៃប្រទេសទាំងពីរ បានចាប់ផ្តើមពិភាក្សា​គំនិត​ផ្តួចផ្តើមនៃការចុះអនុស្សារណៈរវាងស្ថាប័នគយ ហើយគ្រោងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។

ពាក់ព័ន្ធការវិនិយោគវិញ លោក អាន់វ៉ា បានបង្ហាញការកត់សម្គាល់ចំពោះការវិវឌ្ឍន៍យ៉ាងលឿនហួស​ការរំពឹងទុកលើកិច្ចចរចាពាក់ព័ន្ធសន្តិសុខស្បៀង ការស្រាវជ្រាវកិច្ចសហប្រតិបត្តិការ ការវិនិយោគ ឧស្សាហកម្មអាហារហាឡាល ថាមពលកកើតឡើងវិញ និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ រួមទាំង EV និង AI។ លោក អាន់វ៉ា រំពឹងថា នឹងមានការវិនិយោគកាន់​តែច្រើន​ក្នុងប្រទេសកម្ពុជា និងពីកម្ពុជា ទៅម៉ាឡេស៊ី។

ដើម្បីជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក អាន់វ៉ា បានមើលឃើញពីការដើរតួនាទីដ៏សំខាន់របស់វិស័យឯកជន។

ពាក់ព័ន្ធការធ្វើពាណិជ្ជកម្ម និងវិនិយោគនេះ លោក អាន់វ៉ា ក៏បានសម្តែងការសាទរចំពោះការចុះអនុស្សារណៈយោគយល់ស្តីពី «កិច្ចសហប្រតិបត្តិការជំរុញ​នវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់» រវាងធនាគារជាតិនៃកម្ពុជា និងធនាគាកណ្ដាលម៉ាឡេស៊ី។ លោក អាន់វ៉ា បានបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី បានធ្វើរួចហើយជាមួយប្រទេសថៃ និងចិន។ សម្រាប់លោក អាន់វ៉ា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងជួយកាត់​បន្ថយបន្ទុកនៃការពឹងផ្អែកតែលើប្រាក់ដុល្លារអាមេរិក៕