(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប នៅទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យលើកទី៨ ឆ្នាំ២០២៤ ក្រោមវត្តមានរបស់លោក ប្រាក់ ចាន់ធឿន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីអស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព កម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរក្រុង ស្រុក ចៅសង្កាត់ សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត ក្រុមយុវជនកាយរិទ្ធកម្ពុជា លោកគ្រូអ្នកគ្រូ សិស្ស និសិ្សត និងប្រជាពលរដ្ឋផងដែរ។

តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ័ត្រ ឌុត ខុន ស្នងការរងនគរបាលខេត្តទទួលបន្ទុកការិយាល័យបង្ការ ពន្លត់អគ្គីភ័យនិង សង្រ្គោះ បានឲ្យដឹងថា តាមគ្រោះថ្នាក់អគ្គីភ័យក្នុងឆ្នាំ២០២៣ បានកើតឡើង៥៣លើក ឆេះផ្ទះអស់ ៣១ខ្នង និងស្លាប់មនុស្សម្នាក់ របួសស្រាល ៤នាក់ ដោយប្រើប្រាស់ទឹកអស់ ១០៧រថយន្ត និងបំពង់ពន្លត់អគ្គីភ័យ ១២បំពង់ ក្នុងនោះដែរ ក៏មានករណីអគ្គីភ័យនៅតាមបណ្តាក្រុង/ស្រុកទាំង១២ផងដែរ។

លោក ពិន ប្រាកដ បានលើកឡើងថា នេះគឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់បំផុត ដែលនឹងបង្ហាញជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត បានឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល បណ្ដាស្ថាប័នពាក់ព័ន្ធ កងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យ ក្នុងការបង្ការនូវមហន្តរាយ ដែលបង្កឡើងដោយអគ្គីភ័យ ការការពារ និងសង្គ្រោះអាយុជីវិត និងទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋ ការគិតគូរអំពីសុខុមាលភាព សន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោក ពិន ប្រាកដ បានធ្វើការផ្ដាំផ្ញើដល់អង្គភាពពាក់ព័ន្ធ នូវកិច្ចការសំខាន់ៗមួយចំនួន រួមមាន៖

១៖ ត្រូវរៀបចំផែនការសកម្មភាពចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធីសាស្រ្តបង្ការ និងពន្លត់អគ្គីភ័យ ជាពិសេស ត្រូវចុះផ្សព្វផ្សាយអប់រំច្បាប់ស្ដីពីការបង្ការ និងពន្លត់អគ្គីភ័យ នៅតាមសហគមន៍ សាលារៀន គ្រឹះស្ថានសាធារណៈ គ្រឹះស្ថានឯកជន និងនៅតាមទីតាំងដែលមានអគារខ្ពស់ៗ។
២៖ ត្រូវចាត់តាំងឲ្យមានកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យ ប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីធានាដល់ការឆ្លើយតបទៅនឹងតម្រូវការបានទាន់ពេលវេលា។
៣៖ ត្រូវត្រៀមរថយន្ត ឧបករណ៍ និងសម្ភារៈ ដើម្បីធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ ដោយគ្រប់រថយន្តពន្លត់អគ្គីភ័យទាំងអស់ ត្រូវមានប្រេងឥន្ធនៈក្នុងធុង និងមានទឹកក្នុងស៊ីទែនឡានឲ្យបានគ្រប់គ្រាន់។
៤៖ ត្រូវផ្សព្វផ្សាយជាសាធារណៈ នូវលេខទូរស័ព្ទប្រចាំការ ដើម្បីសាធារណៈជនងាយស្រួលទំនាក់ទំនង នៅពេលមានករណីអគ្គីភ័យកើតឡើងជាយថាហេតុ។
៥៖ ត្រូវរៀបចំហ្វឹកហាត់ និងបង្កើនជំនាញពន្លត់អគ្គីភ័យដល់ក្រុមការងារបង្ការ និងពន្លត់អគ្គីភ័យនៅនឹងកន្លែងឲ្យបានជាប់ជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ។
៦៖ គ្រប់ស្ថាប័ន អង្គភាពរដ្ឋ រោងចក្រ កាស៊ីណូ អគារពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ ក្លឹបកម្សាន្តនានា ជាពិសេសកន្លែងលក់ហ្គាស និងស្ថានីយ៍ប្រេងឥន្ធនៈ ត្រូវរៀបចំបំពាក់ឧបករណ៍បង្ការ និងពន្លត់អគ្គីភ័យ ដើម្បីទប់ស្កាត់គ្រោះអគ្គីភ័យនានា ដែលអាចកើតឡើង។
៧៖ នៅពេលទទួលបានព័ត៌មានអំពីគ្រោះថ្នាក់អគ្គីភ័យ ត្រូវអនុវត្តវិធានការពន្លត់ឲ្យបានលឿនរហ័ស ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវយកចិត្តទុកដាក់ជួយអាយុជីវិត និងទ្រព្យសម្បត្តិរបស់ជនរងគ្រោះឲ្យអស់លទ្ធភាព។
៨៖ មន្ត្រីជំនាញពន្លត់អគ្គីភ័យ មិនត្រូវយកតួនាទីភារកិច្ចទៅប្រព្រឹត្តអំពើអសកម្មនៅពេលចេញប្រតិបត្តិការពន្លត់អគ្គីភ័យឡើយ។  
៩៖ អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញត្រូវពិនិត្យមើលការសាងសង់សំណង់ទាំងឡាយ ណែនាំឲ្យមានរៀបចំរក្សាផ្លូវ ដើម្បីឲ្យរថយន្តពន្លត់អគ្គីភ័យ អាចចេញចូលបាន ហើយករណីនេះ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ រាល់ការសាងសង់ត្រូវគោរពច្បាប់ និងប្លង់ឲ្យបានត្រឹមត្រូវ។
១០៖ កម្លាំងជំនាញត្រូវបង្កើនការយកចិត្តទុកដាក់ពិនិត្យ ដកពិសោធន៍ និងធ្វើការវាយតម្លៃ អំពីកត្តា និងមូលហេតុចម្បងដែលបណ្ដាលឲ្យមានករណីអគ្គីភ័យកើតឡើងច្រើន ដើម្បីដាក់ចេញនូវវិធានការពារ និងបង្ការទប់ស្កាត់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ 

លោកក៏បានជំរុញដល់ស្ថាប័នពាក់ព័ន្ធ ត្រូវពង្រីក និងពង្រាយតភ្ជាប់បំពង់ទុយោទឹកមេ នៅតាមផ្លូវសំខាន់ៗក្នុងក្រុង ក៏ដូចជានីតាមបណ្តាស្រុក ត្រូវកំណត់ទីប្រភពទឹកក្នុងពេលរថយន្តពន្លត់អគ្គីភ័យ ចុះជួយធ្វើអន្តរាគមន៍ នៅពេលមានហេតុការណ៍កើតឡើង ឲ្យបានទាន់វេលា។ កត្តាទាំងនេះ សំដៅរក្សាបានសន្តិសុខ សុវត្ថិភាព អាយុជីវិត ទ្រព្យសម្បត្តិរដ្ឋ និងឯកជន អំពីគ្រោះថ្នាក់ដែលបណ្តាលមកពីអគ្គីភ័យ ព្រមទាំងធ្វើឲ្យប្រជាពលរដ្ឋ អ្នកវិនិយោគិន គ្មានការព្រួយបារម្ភ កង្វល់អំពីគ្រោះថ្នាក់អគ្គីភ័យ និងពួកគាត់ស្ម័ត្រចិត្តចូលរួមជាមួយកម្លាំងសមត្ថកិច្ច បង្ការ ទប់ស្កាត់ កុំឲ្យមានអគ្គភ័យកើតឡើង៕