(កំពង់ធំ)៖ ក្នុងពិធីបើកសន្និបាទបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាគរុកោសល្យ ខេត្តកំពង់ធំ លោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដាក់វិធានការគន្លឹះចំនួន៤គោលដៅ ពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា។

ពិធីនេះ មានការចូលរួមអមដំណើរដោយ លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន កីឡាខេត្ត លោក លោកស្រី តំណាងដៃគូអភិវឌ្ឍន និងមន្ត្រីរាជការជាច្រើននាក់ ។

លោកបានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានដាក់ចេញឲ្យអនុវត្តផងដែរនូវវិធានការគន្លឹះចំនួន៤ ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា វិធានការគន្លឹះទាំង៤នោះរួមមាន៖

*ទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន
*ទី២៖ ការពិនិត្យកែសម្រួលរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។
*ទី៣៖ ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារ នៅតាមសាលារៀន។
*ទី៤៖ ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីលើកកម្ពស់ការអប់រំ តាមរយៈការយកចិត្តទុកដាក់ជំរុញនិងលើកទឹកចិត្តដល់ការចូលរួម របស់មាតាបិតា អាណាព្យាបាល សហគមន៍។

លោកបានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ត្រូវខិតខំកែលម្អបរិស្ថានសាលារៀន ឲ្យក្លាយទៅជាសាលាបៃតង ជាទីមេត្រី សម្រាប់សិស្សានុសិស្ស ដូចពាក្យស្លោកមួយឃ្លាបានពោលថា(សាលារៀនស្អាត ភូមិ/ឃុំគ្មានសំរាម)។ ត្រូវយកចិត្តទុកដាក់លើការងារយុវជនទាំងក្នុង និងក្រៅសាលារៀន ដោយផ្តល់ឱកាសឲ្យយុវជនបានចូលរួមគ្រប់សកម្មភាពសង្គម ពិសេសលើកកម្ពស់ក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា នៅតាមសាលារៀន ឲ្យមានសកម្មភាព និងដំណើរការល្អ។

លោកបញ្ជាក់ថា សាលារៀនត្រូវយកចិត្តទុកដាក់អំពីសុខភាពអនាម័យរបស់សិស្ស ដោយត្រួតពិនិត្យជាប្រចាំលើការលក់ដូរចំណីអាហារ នៅតាមសាលារៀន ឲ្យគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា។

លោក តាន់ ប៊ុនហុង បានឡើងធ្វើរបាយការណ៍សង្ខេបសម្រាប់៖ មត្តេយ្យសិក្សារដ្ឋមានចំនួន២១៧កន្លែង (មត្តេយ្យដាច់ដោយឡែក១៤) មានសិស្សសរុប ចំនួន១១,២២៣នាក់ ស្រី៥,៧១៤នាក់។ មត្តេយ្យសិក្សាសហគមន៍២១៩កន្លែង មានសិស្សសរុបចំនួន៥,៥៤៦នាក់ ស្រី២,៩០៦នាក់។ បឋមសិក្សាមានចំនួន៤៩៨សាលា ចែកចេញជា៧៨កម្រង មាន៣,៤៣២ថ្នាក់ ដែលមានសិស្សសរុប ចំនួន១០៥,៩៦៤នាក់ ស្រី៥១,៩១៩នាក់។ អនុវិទ្យាល័យ មានចំនួន៦៧សាលា មាន៦៦៤ថ្នាក់ ដែលមានសិស្សសរុបចំនួន៣០,៣១៧នាក់ ស្រី១៦,៣២៩នាក់។ វិទ្យាល័យមានចំនួន២៥សាលា មាន៣៨១ថ្នាក់ដែលមានសិស្សសរុបចំនួន១៧,៥៣៥នាក់ ស្រីមានចំនួន១០,០៧៩នាក់។ បុគ្គលិកអប់រំគ្រប់កម្រិតសរុបចំនួន៥,៣៩២នាក់ ស្រី២,៧៨៥នាក់៕