(កំពង់ឆ្នាំង)៖ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សាពាមខ្នង ស្ថិតក្នុងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានអំពាវនាវសប្បុរសជននានា និងថ្នាក់ដឹកនាំមេត្តាជួយឧបត្ថម្ភ និងជួយសាងសង់បង្គន់អនាម័យចំនួន១ខ្នង មាន៣បន្ទប់ សម្រាប់ជាតម្រូវការសិស្សានុសិស្ស នៅក្នុងសាលាមតេ្ដយ្យសិក្សាសាលាបឋមសិក្សា និងសាលាអនុវិទ្យាល័យ ក៏ដូចជាប្រជាពលរដ្ឋប្រើប្រាស់ ក្នុងរដូវទឹកឡើងផងដែរ។

លោក វី វុធ ប្រធានគណៈកម្មការគ្រប់គ្រងសាលា នៅក្នុងឃុំផ្លូវទូកខាងលើនេះ បានប្រាប់បណ្ដាញព័ត៌មាន​ Fresh News នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ថា ដោយសារតែភូមិសាស្ត្រសាលា រៀនទាំងមតេ្ដយ្យសិក្សា បឋមសិក្សា និងអនុវិទ្យាល័យ នៅភូមិសាស្ត្រឃុំផ្លូវទូក ស្រុកកំពង់លែង ខាងលើនេះ ជួបបញ្ហាទឹកលិចជារៀងរាល់ឆ្នាំ ទើបមានបញ្ហាលំបាកក្នុងការបន្ទោបង់ ហើយគណៈកម្មការ គ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងអាជ្ញាធរបានមូលមតិគ្នា រៀបចំគម្រោងសាងសង់បង្គន់អនាម័យមួយខ្នង ដែលមាន៣បន្ទប់ សម្រាប់សិស្សានុសិស្សហើយបង្គន់អនាម័យនេះ ក៏ត្រូវសាងសង់បណ្ដុះជើងចាក់សាបឲ្យខ្ពស់ ផុតពីទឹកទើបអាចប្រើប្រាស់ បាននៅក្នុងរដូវវស្សា។

ចំណែកបង្គន់អនាម័យខាងលើនេះដែរ គឺមួយបន្ទប់សម្រាប់សិស្សប្រុស មួយបន្ទប់សម្រាប់សិស្សស្រី និងមួយបន្ទប់ទៀត សម្រាប់សិស្សមានពិការភាព បង្គន់អនាម័យនេះ ក្នុងគម្រោងគឺត្រូវសាងសង់ទំហំ ៧.៤០ គុណ៤.៩០ម៉ែត្រ មានកម្ពស់៤.២០ម៉ែត្រទើបផុតទឹក។

លោកបានបញ្ជាក់ថា កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ថវិកាចំនួន១៣,៨០០,០០០រៀលហើយ តែទូទាត់ទាំងថ្លៃជាង និងថ្លៃចាក់បណ្ដុះជើងឡើង មកលើឲ្យផុតពីទឹក គឺនៅខ្វះប្រមាណជា ១,៥០០ដុល្លារទៀត។

លោកនាយកសាលាបឋមសិក្សាពាមខ្នង បានបញ្ជាក់ថា ក្នុងគម្រោងនៃការសាងសង់បង្គន់អនាម័យមួយខ្នង ដែលមាន៣បន្ទប់ខាងលើនេះ គឺសម្រាប់បម្រើដល់តម្រូវការរបស់សិស្សានុសិស្ស ទាំងមតេ្ដយ្យសិក្សា បឋមសិក្សា និងសិស្សអនុវិទ្យាល័យផងដែរ ដែលសិស្សត្រូវប្រើប្រាស់ទាំងអស់មានចំនួនសរុប៣៨០នាក់។

លោកគ្រូបានបញ្ជាក់ឲ្យដឹងទៀតថា ដោយឡែកនៅរដូវទឹកឡើងប្រជាពលរដ្ឋភាគច្រើន បាននាំកូនចៅមកកាន់ទីទួលសុវត្ថិភាព ដើម្បីស្នាក់នៅជាបណ្ដោះអាសន្ន ដូចជានៅតាមទីវត្តអារាម និងនៅសាលារៀន ហើយពួកគាត់ ក៏ត្រូវការប្រើប្រាស់បង្គន់អនាម័យនេះផងដែរ។

តាមរយៈបណ្ដាញព័ត៌មាននេះផងដែរ លោកប្រធានគណៈកម្មការគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូសិស្សា នុសិស្ស មាតាបិតានិងអាណាព្យាបាលសិស្ស រួមនិងអាជ្ញាធរមូលដ្ឋាន សុំធ្វើការអំពាវនាវ ដល់សប្បុរសជនជិតឆ្ងាយនានា និងថ្នាក់ដឹកនាំមេត្តាជួយឧបត្ថម្ភ ដល់ការសាងសង់បង្គន់អនាម័យមួយខ្នងមាន៣បន្ទប់ខាងលើនេះ ឲ្យបានរួចរាល់ជាស្ថាពរដើម្បីជាតម្រូវការរបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងខាងលើនេះ ដោយក្តីអនុគ្រោះ៕