(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធជាផ្លូវការ ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តស្វាយរៀង ដែលមានទីតាំងស្ថិត នៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា ការសម្ពោធស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងខេត្តស្វាយរៀង គឺជាស្តូបជែល ជានិមិត្តរូបនៃការដឹងគុណ របស់បក្សរដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ចំពោះបណ្តា វីរបុរសដែល បានពលីជីវិត កងទ័ពស្ម័គ្រចិត្តវៀតណាម និងកម្មាភិបាលយុទ្ធជន កងយោធពលខេមរភូមិន្ទ ដែលពលីជីវិត ដើម្បីឯករាជ្យ សេរីភាព របស់ប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន ហើយសម្រាប់ខេត្តស្វាយរៀង ស្តូប ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងថ្ងៃនេះ គឺជាស្តូបទី១៨ ដែលបានសាងសង់រួចក្នុងចំណោមស្តូបចំនួន ២៣នៅទូទាំងប្រទេស។

សម្កេតកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា ដោយសារមានកងទ័ពស្ម័គ្រចិត្តវៀតណាម បានមកជួយរំដោះទើបយើង បានរួចពីសេចក្តីស្លាប់ពីរបបដ៏ឃោឃៅយង់ឃ្នោង ប៉ុល ពត នាថ្ងៃ ០៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសជាតិ មានសុខសន្ដិភាពពេញផ្ទៃប្រទេស ប្រជាពលរដ្ឋរស់នៅ ក្រោមដំបូលសន្ដិភាព។ 

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នា ថែរក្សាសុខសន្ដិភាព ថែរក្សាសំណង់ស្តូបមិត្តភាពនេះ ឲ្យបានឋិតថេរគង់វង្ស៕