(ម៉ាឡេស៊ី)៖ លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាអាជ្ញាធរ និងកម្លាំងនគរបាលកម្ពុជា ដែលបានជួយប្រជាពលរដ្ឋ​ម៉ា​ឡេស៊ី បន្ទាប់ពីពួកគេត្រូវបានជនខិលខូចល្បួងមកធ្វើការនៅកម្ពុជា ដោយមិនឱ្យតម្លៃពលកម្ម និងធ្វើ​ទា​រុណកម្មផ្សេងៗ។

លោក អាន់វ៉ា បានថ្លែងអំណរគុណបែបនេះ ក្នុងពេលធ្វើសេចក្តីថ្លែងការណ៍រួមកំលុងពេលដំណើរ​បំពេញ​ទស្សនកិច្ចរបស់សម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០២៤នេះ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្ហាញការតាំងចិត្តខ្ពស់ជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេសដទៃទៀត ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក៏ដូចជាការជួញដូរកម្លាំងពលកម្ម។ កន្លងទៅជនរងគ្រោះជាច្រើនដែលរងការចាញ់បោក និងជួញដូរកម្លាំងពលកម្ម ត្រូវបានរំដោះ ហើយជនខិលខូចក៏ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ផងដែរ៕