(ស្វីស)៖ ក្នុងនាមកម្ពុជាជាប្រធាន នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន អញ្ជើញដឹកនាំគណៈប្រតិភូអាជ្ញាធរមីន បំពេញបេសកកម្មនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ដើម្បីចូលរួមដឹកនាំសន្និសីទកៀរគរធនធានប្រចាំឆ្នាំនៃអនុសញ្ញាអូតាវ៉ា និងកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។

ក្រៅពីដឹកនាំសន្និសីទ និងកិច្ចប្រជុំដែលជាកាតព្វកិច្ចរបស់ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ នឹងចូលរួមដឹកនាំកិច្ចប្រជុំសំខាន់ៗមួយចំនួនផ្សេងទៀតរួមមាន កិច្ចប្រជុំគណៈកម្មការជំរុញអនុលោមភាពកិច្ចសហប្រតិបត្តិការ កិច្ចប្រជុំគណៈកម្មការសម្របសម្រួល និងកិច្ចប្រជុំក្រុមការងារសម្របសម្រួលកិច្ចការសាកលភាវូបនីយកម្ម។

បន្ថែមលើនេះ ទេសរដ្ឋមន្រ្តី នឹងជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូត/រដ្ឋទូតនានានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីស្វែងរកការគាំទ្រដល់កម្ពុជាជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូត/រដ្ឋទូតនានា ដែលមិនទាន់ចូលជាសមាជិកអនុសញ្ញាអូតាវ៉ា ដើម្បីកៀរគរ និងជំរុញឲ្យប្រទេសទាំនោះចូលរួមរដ្ឋភាគីអនុសញ្ញា៕