(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨២៧ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ និងកងកម្លាំងមុនៗទៀត ដែលបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រជាជាតិទូទាំងពិភពលោក ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរបស់ពិភពលោក។

ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងនៅចំពោះមុខលោក Joseph Scheuer អ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាក្នុងឱកាសអញ្ជើញចូលរួមពិធីទទួលដំណើរមាតុភូមិនិវត្តន៍កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨២៧ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពក្រោឆត្រអង្គការសហប្រជាជាតិនៅលីបង់ និងអាហ្វ្រិកកណ្តាល នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងការពារជាតិ។

នាកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានអះអាងជាថ្មីម្តង ទៀតថា រាជរដ្ឋាភិបាលកម្ពុជានឹងគ្មានការរាថយនោះឡើយ ចំពោះការបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួន ទៅកាន់សហគមន៍អន្តរជាតិតាមរយៈអង្គការសហប្រជាជាតិ (UN) បើទោះបីបច្ចុប្បន្នស្ថានការណ៍នៅក្នុងតំបន់មួយចំនួនកំពុងជួបបញ្ហាអសន្តិសុខក៏ដោយនោះ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញកម្មវិធីនយោបាយជាអាទិភាពក្នុងការបន្តចូលរួមបេសកកម្មរក្សាសន្តិភាព នៅក្នុងក្របខណ្ឌ អង្គការសហប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមន៍អន្តរជាតិ ស្វែងរកសន្តិភាពជូនប្រទេសដទៃនៅ លើពិភពលោក ដែលប្រជាជនកំពុងតែរងគ្រោះ រងទុក្ខលំបាកដោយសារសង្រ្គាម។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ថា៖ «ទោះបីស្ថានការណ៍សន្តិសុខក្នុងតំបន់បេសកកម្ម ដែលកម្លាំងរក្សាសន្តិភាពកម្ពុជាឈរជើងបាននិងកំពុងប្រឈមជារៀងរាល់ថ្ងៃ ជាលក្ខណៈប្រពៃណីផងនិងមិនប្រពៃណីផង ដែលបង្កឡើងដោយតួអង្គមិនមែនរដ្ឋ, ការយុទ្ធប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធនា នាការវាយប្រហារ ពួនស្ទាក់ ឬគ្រោះថ្នាក់ដោយជំងឺឆ្លង និងជំងឺកាចសាហាវនានាក្តី ប៉ុន្តែរាជរដ្ឋាភិបាល កម្ពុជានៅតែបន្តបរិច្ចាគកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ ដើម្បីរួមវិភាគទាន ដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌ពិភពលោក»

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្ថែមទៀតថា រាជរដ្ឋាភិបាលខិតខំលើកកម្ពស់កិត្តិយសកម្ពុជាដើរតួនាទីឱ្យកាន់តែសកម្មបន្ថែមទៀត ដោយស្មើភាព ស្មើសិទ្ធិជាមួយប្រទេសនានានៅ គ្រប់កិច្ចការក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដែលជាឧត្តមភាពដ៏ចាំបាច់បំផុតដល់កិច្ចអភិវឌ្ឍប្រទេស ជាតិ និងបានប្តេជ្ញាចិត្តបញ្ជូនកងរក្សាសន្តិភាពកម្ពុជាក្នុងបេសកកម្ម ជាសេនាធិការសង្កេតការណ៍យោធា និងមេបញ្ជាការជានារីរហូតដល់ ២០ភាគរយ តាមសំណូមពររបស់អង្គការសហប្រជាជាតិ និងបានខិតខំកែ លម្អការងារគ្រប់គ្រង ពង្រឹងសមត្ថភាពធនធានមនុស្ស បង្កើនចំនួនចូលរួមជាស្រ្តីឱ្យស្របទៅនឹងទស្សនៈ យ៉ែនឌ័រ បញ្ចូលគ្នានៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាដើម។

គួរបញ្ជាក់ផងដែរថា រយៈពេល១៨ឆ្នាំមកនេះ កម្ពុជា បានបញ្ជូនកងកម្លាំងសរុប ៩៥៦៣ នាក់ ក្នុងនោះ នារី ៨១៦នាក់ ទៅកាន់១២បេសកកម្ម ក្នុង ១០ប្រទេស រួមមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រើស ស៊ីរី អាហ្វ្រិកកណ្តាល ម៉ាលី យ៉េមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បច្ចុប្បន្ន កម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មមានចំនួន ៦៤០នាក់ ក្នុងនោះនារី ១២៤នាក់ ក្នុងប្រទេសចំនួន៥ រួមមាន៖ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វិ្រកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕