(ភ្នំពេញ)៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សូមថ្វាយ-ប្រគេនដំណឹងដល់ សម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មេត្តាជ្រាបថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលទីវង្គត នៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្ម ៩៣ព្រះវស្សា នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

ព្រះសពត្រូវបានតម្កល់ទុកក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិស ព្រះរាជមហាកុសលថ្វាយ ព្រះវិញ្ញាណក្ខន្ធព្រះសព តាមប្រពៃណីពុទ្ធសាសនាខ្មែររហូតដល់ថ្ងៃថ្វាយព្រះភ្លើង។

ជាមួយគ្នានេះ គណៈសង្ឃនាយក សូមប្រគេន សម្ដេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សូមមេត្តាវាយគង ទូងស្គរ និងបង្ហូតទង់ជាតិ ទង់សាសនា ត្រឹមពាក់កណ្តាលនៃដងទងជាតិ ព្រមទាំងបង្សុកូលឧទ្ទិសព្រះរាជមហាកុសលឱ្យបានព្រមៗ គ្នាគ្រប់វត្តអារាមទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យស្របជាមួយនឹងការរំកិលព្រះសពចូលព្រះមញ្ជូសា នៅថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង៣០ នាទី ដើម្បីសម្តែងនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុត ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា៕