(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំស្ដីពីការរៀបចំ ខួបលើកទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤ ដែលប្រព្រឹត្ដទៅនៅកាកបាទក្រហមកម្ពុជា ក្រោមវត្ដមានលោកស្រី អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា។

កិច្ចប្រជុំនៅថ្ងៃនេះ គឺជាកិច្ចប្រជុំលើកដំបូងផងដែរ ដើម្បីពិនិត្យឆ្លងនូវឯកសារទស្សនាទាន ខួបទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដែលនិយាយអំពីប្រធានបទ សេចក្ដីប្រកាសព័ត៌មាន គោលបំណងនៃការរៀបចំទិវាពិភពលោក ៨ឧសភា រួមទាំងវត្ថុបំណងផ្សេងទៀត។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា។

លោកស្រីបានគូសបញ្ជាក់ទៀតថា «ជាលទ្ធផលនៃកិច្ចប្រជុំនៅព្រឹកនេះ យើងបានសម្រេចទៅលើការងារមួយចំនួន រួមទាំងខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មាន ជូនដល់សាធារណៈជន និងអន្ដរជាតិ ស្ដីពី ខួបលើកទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដែលធ្វើឡើងក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»

ដើម្បីជ្រាបច្បាស់ពីវត្ថុបំណងនៃកិច្ចប្រជុំខាងលើនេះ សូមលោកអ្នកនាង អញ្ជើញទស្សនានូវកិច្ចសម្ភាសរបស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជាដូចតទៅ៖