(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានថ្លែងថា ទីក្រុងស្អាត ទាល់តែផ្តើមពីយើងទាំងអស់គ្នា ដោយម្នាក់ៗត្រូវបោះបង់ចោលភាពអសកម្ម ចាប់យក និងគិតគូរបញ្ហាអនាម័យក្នុងសង្គម។

លោកអភិបាលខណ្ឌ៧មករា ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈដឹកនាំមន្ត្រីរាជការសាលាខណ្ឌសង្កាត់ យុវជនកាយរិទ្ឋ យុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងបុគ្គលិកក្រុមហ៊ុនប្រមូលសំរាមជាច្រើននាក់ ចុះធ្វើអនាម័យ បរិស្ថាន តាមដងផ្លូវក្នុងមូលដ្ឋាន ដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទីក្រុងស្អាត ដើម្បីទេសចរណ៍»

ជាមួយគ្នានេះ លោកបានស្នើប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាធ្វើយ៉ាងណាកុំឱ្យមានសំរាម ក្នុងមូលដ្ឋាន ពិសេសក្នុងរាជធានីភ្នំពេញ ដោយម្នាក់ៗ មានសំរាមក្នុងដៃ គឺមិនត្រូវបោះ ចោលពាសវាលពាសកាលឡេីយ ពោលត្រូវរកទីតាំងបោះចោលឱ្យបានត្រឹមត្រូវ។

អភិបាលខណ្ឌ៧មករា បានលើកពីបញ្ហាសំរាមតាមដងផ្លូវថា ចន្លោះតែមួយថ្ងៃ គឺនឹងគរឡើងវិញ ទោះបីអាជ្ញាធរខិតខំណែនាំ ព្រមទាំងចាប់ផាកពិន័យយ៉ាងណាក៏ដោយ។ ទោះបីជាយ៉ាងណា លោកមានជំនឿថា ប្រជាពលរដ្ឋទាំងអស់ ពិតជាអាចធ្វើបាន គឺចូលរួមទាំងអស់គ្នា ដើម្បីធ្វើឱ្យទីក្រុងយើងស្អាត ស្របតាមប្រធានបទ «ទីក្រុងស្អាត ដើម្បីទេសចរណ៍»