(ម៉ាឡេស៊ី)៖ រាល់ដំណើរទស្សនកិច្ចក្រៅប្រទេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា មិនដែលរំលងឡើយកម្មវិធីពាក់ព័ន្ធការធ្វើធុរកិច្ច ដើម្បីជំរុញដល់សកម្មភាពវិនិយោគ និងពាណិជ្ជ។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ឆ្នាំ២០២៤។

វេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី សហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្ម​ម៉ាឡេ​ស៊ី​នៅកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី។ វេទិកានេះ រៀបចំឡើងក្នុងគោលបំណង​ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី។

ក្នុងវេទិកានេះ មានការអញ្ជើញចូលរួមពីក្រុមហ៊ុនរបស់ប្រទេសទាំងពីរ និងតំណាងស្ថាប័នពាក់ព័ន្ធ សរុបជាង ៤០០នាក់ ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពសហប្រតិបត្តិការលើគម្រោងរួម។

ក្នុងពិធីនេះ សភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈយោគយល់ចំនួន២រួមមាន៖ អនុស្សារណៈយោគ​យល់ទី១ គឺចុះជាមួយសភាពាណិជ្ជកម្ម និងឧស្សា​ហ​កម្មជាតិម៉ាឡេស៊ី និង អនុស្សារណៈយោគ​យល់​ទី២ គឺចុះជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា។ ការចុះអនុស្សារណៈនេះ មានគោលដៅចូលរួម​លើកកម្ពស់ទំនាក់​ទំនងពាណិជ្ជកម្ម​និងសេដ្ឋកិច្ច ក៏ដូចជា ជំរុញកាលានុវត្តភាពធុរកិច្ចរវាងកម្ពុជា និងម៉ាឡេស៊ី៕