(ភ្នំពេញ)៖​ លោក​ វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ​ បានទទួលជួបពិភាក្សាការងារជាមួយលោក Jonh Guiry នាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ស្ដីពីការលើកកម្រិតផ្លូវដែកទិសខាងជើង ភ្នំពេញ-ប៉ោយប៉ែត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

ជំនួបនេះធ្វើឡើងដើម្បីពិភាក្សាលើគម្រោងការវិនិយោគបន្ថែមរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ស្ដីពីការលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង(ភ្នំពេញ-ប៉ោយប៉ែត) ដើម្បីដាក់ស្នើសុំការផ្តល់យោបល់ និងអនុម័តពីក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រោយពីបានស្តាប់ តំណាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលបានធ្វើបទបង្ហាញស្តីអំពីប្រវត្តិ ស្ថានភាពបច្ចុប្បន្ន សេចក្តីព្រាងផែនការសកម្មភាព និងការគ្រោងថវិកាសម្រាប់អនុវត្តគម្រោងរួចមក អង្គប្រជុំ ក៏បានពិភាក្សាគ្នាលម្អិត និងលើកយោបល់ជូនក្រុមហ៊ុនឱ្យរៀបចំក្រុមការងារបច្ចេកទេសមួយរួមគ្នាចុះទៅពិនិត្យ អង្កេតសិក្សា ដើម្បីរៀបចំកែសម្រួលឡើងវិញ និងដាក់បញ្ចូលក្នុងរបាយការណ៍គម្រោងនូវស្ថានភាព និងសំណើក្នុងការជួសជុលលើកកម្រិត ផ្លូវដែក ស្ពាន ស្ថានីយ និងផ្លូវឆ្លងកាត់ផ្លូវដែក ព្រមទាំងផែនការសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប និងដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិថែមទៀតផង។

សូមជម្រាបជូនថា៖ រ៉ូយ៉ាល់ រេលវេ ជាក្រុមហ៊ុនសម្បទានតែមួយគត់ដែលបម្រើសេវាកម្មដឹកជញ្ជូនតាមរថភ្លើងរួមមាន ការដឹកជញ្ជូនទំនិញ និងដឹកអ្នកដំណើរ។ បច្ចុប្បន្នក្រុមហ៊ុនមានខ្សែរថភ្លើងពីរខ្សែ ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ ដែលខ្សែទីមួយតភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងព្រះសីហនុ និងខ្សែទីពីរភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងប៉ោយប៉ែត៕