(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

គួរជម្រាបថា ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងបញ្ចប់ការរៀបចំគោលនយោបាយអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៥ នៅក្នុងឆ្នាំ២០២៤នេះ ដើម្បីជាការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ គោលនយោបាយអភិវឌ្ឍន៍ជនបទនេះ មានគោលបំណងធានាការបង្កើនប្រាក់ចំណូលគ្រួសារនៅជនបទប្រកបដោយចីរភាព និងធានាសុខុមាលភាពនៃជីវិតរស់នៅប្រជាជននៅជនបទឱ្យកាន់តែល្អប្រសើរឡើង និងអាចឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោករដ្ឋមន្ដ្រីបានឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទក្នុងអាណត្តិទី៧នេះ បន្តការយកចិត្តទុកដាក់លើយុទ្ធសាស្ត្រចំនួន៤ គឺ៖
១. ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ដោយផ្តោតលើការពង្រឹងគុណភាព។ឮ
២. ការកែលម្អលក្ខខណ្ឌនៃការស់នៅរបស់ប្រជាជនជនបទឱ្យកាន់តែប្រសើរឡើង
៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដោយជំរុញការអភិវឌ្ឍភូមិគំរូ
៤. ការពង្រឹងនិងអភិវឌ្ឍន៍ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងតំណាងមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំ និងបានផ្តល់ជាធាតុចូលដែលមានសារសំខាន់ជាច្រើន ក្នុងដំណើរការរៀបចំគោលនយោបាយអភិវឌ្ឍន៍ជនបទនាពេលនេះ៕