(ម៉ាឡេស៊ី)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងទាំង៣ របស់ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី សម្រាប់ប្រទេសកម្ពុជា។

គម្រោង៣នេះ ត្រូវបានលើកជាសំណូមពរ នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ដែល រៀបចំឡើងដោយ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្ម ជាតិម៉ាឡេស៊ី នារសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

វេទិកាធុរកិច្ចនេះមានការអញ្ជើញចូលរួមពីក្រុមហ៊ុននៃប្រទេសទាំងពីរ និងតំណាងពីស្ថាប័នពាក់ព័ន្ធសរុប ជាង៤០០នាក់។ នាឱកាសនោះ សម្តេចធិបតី បានថ្លែងសុន្ទរកថាដោយបញ្ជាក់អំពី សក្តានុពលវិនិយោគនៅកម្ពុជា ជាពិសេសកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងភាពអំណោយផលនៃច្បាប់ វិនិយោគ ព្រមទាំងគោលនយោបាយគាំពារ និងលើកទឹកចិត្តនានា។

សេចក្តីប្រកាសរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ជាការកត់សម្គាល់ ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី បានគោរពជូន សម្តេចធិបតី នូវសំណូមពរចំនួន ៣ រួមមាន ទី១៖ គម្រោងតំបន់ សេដ្ឋកិច្ចពិសេសកម្ពុជា-ម៉ាឡេស៊ី សម្រាប់វិស័យបច្ចេកវិទ្យាជាន់ខ្ពស់ ទី២៖គម្រោងអភិវឌ្ឍន៍ជំនាញផ្នែកបច្ចេកវិទ្យា និងទី៣៖ គម្រោងរៀបចំប្រព័ន្ធអេកូឡូស៊ីផ្នែកឧស្សាហកម្មអាហារហាឡាល់។

សេចក្តីប្រកាសបានបញ្ជាក់បន្ថែមថា៖ សម្តេចធិបតី បានថ្លែងស្វាគមន៍ និង គាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងទាំង៣ នេះ ដោយបានជំរុញឱ្យភាគីពាក់ព័ន្ធសហការគ្នារៀបចំគម្រោងទាំង នេះឱ្យបានលឿន ពោលគឺក្នុងឆ្នាំ២០២៤ នេះតែម្តង៕