(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Datuk Mutang Tagal ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី បានបង្ហាញទស្សនៈដូចគ្នាថា សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាគន្លឹះដ៏ចាំបាច់សម្រាប់កិច្ចកសាង និងអភិវឌ្ឍន៍ជាតិ។

ទស្សនៈនេះត្រូវបានលើកឡើងក្នុងជំនួបសម្តែងការគួរសមរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក​ប្រធាន​ព្រឹទ្ធសភាម៉ាឡេស៊ី នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេសម៉ាឡេស៊ី។

ក្នុងជំនួបនេះ លោក Datuk Mutang Tagal ប្រធានព្រឹទ្ធសភា​ បានសម្តែងនូវក្ដីសោមនស្សរីករាយ​ដែល​បានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ​របស់​សម្តេចធិបតី​ នៅប្រទេសម៉ាឡេស៊ី។ លោក បានអបអរសាទរជូនចំពោះសម្តេចធិបតី ត្រូវបានរដ្ឋសភា​បោះ​ឆ្នោត​ជ្រើសតាំងជានាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភា។

លោកប្រធានព្រឹទ្ធសភាម៉ាឡេស៊ី​ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងកំណើន​សេដ្ឋ​កិច្ច​ដ៏ខ្ពស់របស់កម្ពុជា ដែលបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការកសាង​ឡើងនូវហេដ្ឋារចនា​សម្ព័ន្ធ​រូបវន្តជាច្រើន ដូចជា​អាកាសយានដ្ឋានអន្តរជាតិ​សៀមរាបអង្គរ​ ដែលទើបតែត្រូវបានសម្ពោធ​ដាក់ឱ្យ​ដំណើរ​ការជាផ្លូវការនាពេលថ្មីៗកន្លងទៅនេះ។

បន្ថែមលើនេះ លោកប្រធានព្រឹទ្ធសភា​ ក៏បានស្នើសម្តេចធិបតីចែករំលែកទស្សនទានគន្លឹះ និង​បទ​ពិសោធ​ន៍​ ដែលនាំឱ្យកម្ពុជា សម្រេចបានការអភិវឌ្ឍ និងរក្សាបានអត្រាកំណើនសេដ្ឋកិច្ចល្អបែបនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណភាគីម៉ាឡេស៊ីចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅក្នុង​ឱកាស​នៃដំណើរទស្សនកិច្ចផ្លូវការនេះ ព្រមទាំងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចជំនួបពិភាក្សាទ្វេភាគី​ជាមួយលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ សម្តេចធិបតី បានគូសបញ្ជាក់ថា សម្តេច និងលោក អាន់វ៉ា ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ ការបណ្តុះបណ្តាល វិស័យសន្តិសុខ និងការពារជាតិ។

សម្ដេចធិបតី ក៏បានជម្រាបជូនប្រធានព្រឹទ្ធសភាម៉ាឡេស៊ី អំពីលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំ​ង​សមាជិកព្រឹទ្ធសភានៅកម្ពុជា ដែលបានប្រព្រឹត្តិទៅនាពេលថ្មីៗកន្លងទៅនេះ។ សម្ដេចធិប​តី បានវាយតម្លៃ​ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាង​កម្ពុជា​ និងម៉ាឡេស៊ី​ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋ​កិច្ច​នៅកម្ពុជា និងថ្លែងអំណរគុណ​ម៉ាឡេស៊ី​ ចំពោះការរួមចំណែកដ៏មានតម្លៃ​របស់កងរក្សាសន្តិភាព​ម៉ាឡេ​ស៊ី ក្នុងដំណើរការស្វែងរកសុខសន្តិភាពរបស់កម្ពុជានៅដើមទសវត្សរ៍ឆ្នាំ១៩៩០។​

ឆ្លើយតបទៅនឹងការស្នើរបស់ប្រធានព្រឹទ្ធសភាស្វែងយល់អំពីទស្សនទានគន្លឹះ​ និងបទពិសោធន៍​ នៃការ​អភិវឌ្ឍ និងរក្សាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា សម្ដេចធិបតីបានគូសបញ្ជាក់ថា កត្តាសំខាន់បំផុត​គឺសុខ​សន្តិភាព​ និងស្ថិរភាពនយោបាយ ដែលត្រូវតែធានា និងរក្សាឱ្យបានប្រកបដោយចីរភាព​ និងជាមូលដ្ឋាន​គ្រឹះមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ​។ សម្រាប់បរិបទកម្ពុជា សន្ដិភាពពេញលេញ និង​ការឯកភាពជាតិ ឯកភាពទឹកដី គឺបានមកពីការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា​ ដែលបានបញ្ចប់សង្គ្រាម​ការបែកបាក់ជាតិ​ក្នុង​រយៈពេល​៥សតវត្ស​ និងជួយឱ្យកម្ពុជា​ រក្សាបាន​​កំណេីនសេដ្ឋកិច្ច​ និងការ​អភិវឌ្ឍ​របស់ខ្លួន។

លោក​ប្រធាន​ព្រឹទ្ធសភាម៉ាឡេស៊ី​ បានឯកភាព​ នឹង​ការលើកឡើងរបស់សម្តេច​ធិបតី​ ដែលបានចាត់ទុក​ សន្តិភាព​ ជាកត្តាគន្លឹះ​ដ៏សំខាន់ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​។ ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី បញ្ជាក់បន្ថែម​ថា​ ព្រឹទ្ធសភា​ម៉ាឡេស៊ី​ រង់ចាំស្វាគមន៍ដោយក្តី​រីករាយ​ ចំពោះដំណេីរផ្លាស់​ប្តូរ​ទស្សនកិច្ច​រវាង​គណៈប្រតិភូ​ព្រឹទ្ធសភា​នៃ​ប្រទេសទាំងពីរនាពេលអនាគត៕