(ភ្នំពេញ)៖ ព្រះចៅ​ Sultan Ibrahim ibni Almarhum Sultan Iskandar ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី បានបង្ហាញទឹកព្រះទ័យរីករាយ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និងម៉ាឡេស៊ី ដែលវិវឌ្ឍន៍កាន់តែល្អប្រសើរ។

ព្រះមហាក្សត្រម៉ាឡេស៊ី បានបង្ហាញទឹកព្រះទ័យបែបនេះ ក្នុងពេលរាជានុញ្ញាតឱ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលបង្គំគាល់នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងព្រះរាជសវនាការនោះ ព្រះចៅ ស៊ុលតង់​ អ៉ីប្រាហ៉ីម បានសម្តែងនូវការសព្វព្រះរាជហឫទ័យចំពោះ​ដំណើរ​បំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅប្រទេសម៉ាឡេស៊ី និងបានផ្តាំផ្ញើព្រះរាជ​បណ្តាំ​សួរសុខ​ទុក្ខ ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ។

ព្រះចៅ ស៊ុលតង់​ អ៉ីប្រាហ៉ីម ក៏បានសម្តែងព្រះរាជហរទ័យរីករាយ ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសម៉ាឡេស៊ី​ និង​ប្រទេសកម្ពុជា។

សម្តេចធិបតី បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅ​ថ្វាយព្រះចៅ​ ស៊ុលតង់​ អ៉ីប្រាហ៉ីម ដែលបាន​រាជា​នុញ្ញាតឱ្យសម្តេចធិបតី បានចូលក្រាបថ្វាយបង្គំគាល់ និងបានថ្វាយព្រះរាជបណ្តាំសួរសុខទុក្ខរបស់​ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ថ្វាយព្រះចៅសុលតង់​ អ៉ីប្រាហ៉ីម​ ផងដែរ។

សម្តេចធិបតី ក៏បានទូលថ្វាយព្រះចៅ ស៊ុលតង់​ អ៉ីប្រាហ៉ីម អំពីការបោះឆ្នោតព្រឹទ្ធសភា​ អាណត្តិទី៥ នៅកម្ពុជា និងបានទូលថ្វាយព្រះចៅស៊ុលតង់ អ៉ីប្រាហ៉ីម​ អំពីលទ្ធផល​នៃ​ជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលក្នុងនោះ​ ភាគីទាំងពីរបានពិភាក្សាគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលេីវិស័យជាច្រេីន​ រួមមាន៖ វិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច វិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យការពារជាតិនិងសន្តិសុខ និងវិស័យអប់រំនិងបណ្តុះបណ្តាល ជាដើម៕