(វៀតណាម)៖ លោក ងួន ស្តេចភក្តី រដ្ឋលេខាធិការទទួលបន្ទុកតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ចូលរួមពិធីចុះអនុស្សរណយោគយល់ ជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធីបតីភាពលោក ច័ន្ទ សូរិកាន អគ្គកុងស៊ុលនៃស្ថានកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ក្នុងដំណើរទស្សនកិច្ច និងពិធីចុះអនុស្សរណយោគយល់នេះ លោក Bruce Loc Do សាកលវិទ្យាធិការរង និងថ្នាក់ដឹកនាំសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ដល់គណៈប្រតិភូកម្ពុជា និងបង្ហាញពីការថ្លែងអំណរគុណ ចំពោះគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងស្ថាប័នទាំងពីររបស់កម្ពុជាលើការផ្លាស់ប្តូរ និងចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ និងបច្ចេកទេសគ្រប់គ្រង ដល់មន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិកសិក្សា និងសមណនិស្សិត និស្សិតដើម្បីសិក្សារៀនសូត្រ ស្រាវជ្រាវ ពង្រឹង និងពង្រីកនូវគុណវុឌ្ឍិរបស់ខ្លួន ដើម្បីអាចក្លាយជាយុវជនបន្តវេនដ៏ឆ្នើមរបស់ជាតិ។

នៅក្នុងអនុស្សារណៈយោគយល់នេះផងដែរ ឯកឧត្តម លោកសាកលវិទ្យាធិការ និងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យទាំងពីរ បានពិភាក្សា និងព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការចំនួន ៦ ចំណុចរួមគ្នារួមមាន៖

១៖ ការផ្លាស់ប្តូរនិស្សិត និងនិស្សិត
២៖ ការផ្លាស់ប្តូរសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិក សិក្សា
៣៖ ការផ្លាស់ប្តូរសម្ភារៈនានាពាក់ព័ន្ធនឹងការអប់រំ
៤៖ សហប្រតិបត្តិការលើការស្រាវជ្រាវដែលមានលក្ខណៈជាអន្តរជាតិ
៥៖ ចូលរួមកិច្ចប្រជុំពិភាក្សាលើការអភិវឌ្ឍកម្មវិធីសិក្សា
៦៖ និងសកម្មភាពជាច្រើនទៀតដែលទទួលបានការព្រមព្រៀងគ្នា។

ក្រៅពីនេះ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ ក៏បានលើកឡើងពីគម្រោងនៃដំណើរទស្សនកិច្ចទៅកាន់កម្ពុជា ចាប់ពីថ្ងៃទី១៤-១៧ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការផ្សេងៗ បន្ថែមទៀត។

បន្ទាប់ពីបានព្រមព្រៀង លើកិច្ចពិភាក្សារួមគ្នារួចមក ថ្នាក់ដឹកនាំទាំងពីរបានថតរូប និងជូនវត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក ក្នុងបរិយាកាសស្និលស្នាល មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដោយស្នាមញញឹម និងក្តីសង្ឃឹមយ៉ាងមុតមាំលើភាពជោគជ័យនេះផងដែរ៕