(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តឱ្យសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសមាជិកទាំងអស់ បន្តចូលរួមអភិវឌ្ឍវិស័យអប់រំជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាឱ្យកាន់តែសកម្មថែមទៀត តាមរយៈការបង្កើនការវិនិយោគលើការអប់រំឱ្យកាន់តែច្រើន ដើម្បីកសាងប្រព័ន្ធអប់រំមួយដែលមានសមធម៌ គុណភាព ភាពធន់ ភាពឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាតំបន់ និងសកលលោក។

លោកបានថ្លែងដូច្នេះ នៅក្នុងសន្និបាតប្រចាំឆ្នាំ២០២៣ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា កន្លងទៅ នាមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ដែលមានការប្រគល់ជូននូវបណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ២០២៣ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជាផងដែរ។

រដ្ឋមន្ត្រីក្រសួងអប់រំ បានបន្តលើកឡើងថា សន្និបាតបូកសរុបការងារឆ្នាំ២០២៣នេះ បានផ្តល់ឱកាសបន្ថែមទៀត ដើម្បីបានជួបពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា តាមរយៈការឆ្លុះបញ្ចាំងពីសមិទ្ធកម្មនៃការវិនិយោគ ដែលយើងបានខិតខំប្រឹងប្រែងនាពេលកន្លងមកក៏ដូចជា ដើម្បីដកស្រង់នូវឧត្តមានុវត្តន៍ សម្រាប់ជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងបង្កើតនូវកាលានុវត្តភាពថ្មីៗ ជាពិសេសកំណត់ទិសដៅជាអាទិភាពក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ឱ្យស្របតាមផែនការយុទ្ធសាស្រ្តវិស័យអប់រំ យុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំ និងបរិវត្តកម្មអប់រំឌីជីថល។

បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងខិតខំធ្វើកំណែទម្រង់ការអប់រំនៅកម្រិតសាលារៀន ដើម្បីឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ព្រមទាំងឆ្លើយតបនឹងវិធានការគន្លឹះ៤ ដែលបានដាក់ចេញ ដោយសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី រួមមាន៖

* (១)៖ អភិបាលកិច្ចសាលារៀន
* (២)៖ សកម្មភាពក្រៅម៉ោងសិក្សាសម្រាប់អប់រំសីលធម៌ និងចរិយាធម៌
* (៣)៖ សុខភាពសិក្សា
* និងទី (៤)៖ ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ។

លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងអគ្គនាយករងក្រុមហ៊ុន វេសឡាញ អេទ្យខេសិន គ្រប់ បានថ្លែងថា នេះគឺជាសន្និបាតប្រចាំឆ្នាំលើកទី២របស់សហព័ន្ធសេវា អប់រំនៅកម្ពុជាក្នុងការជួបជុំសមាជិកជាង ១០០គ្រឹះស្ថានអប់រំ ដើម្បីបង្កើនទំនាក់ទំនង និងសាទរនូវសមិទ្ធផលដែលយើងទទួលបានពីការសាមគ្គីគ្នា បង្កើតជាសមាគមតាំងពីឆ្នាំ២០២០ និងអំឡុងពេលកូរីដ១៩មកម៉្លេះ លទ្ធផលនេះសបញ្ជាក់យ៉ាងច្បាស់ពីសុភាសិតខ្មែរមួយពោលថា «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់»។ សហព័ន្ធសេវាអប់រំនៅកម្ពុជា តែងតែស្ដាប់ និងព្យាយាមសម្របសម្រួលបញ្ហាដែលសមាជិកបានជួបប្រទះ ជាពិសេសការផ្តល់យោបល់ផ្តល់ព័ត៌មាននិងលើកទឹកចិត្ត គ្រឹះស្ថានដែលជាសមាជិកឱ្យគោរពតាមច្បាប់នានាផងដែរ។

លោកបានឱ្យដឹងថា សហព័ន្ធសេវាអប់រំនៅកម្ពុជាត្រូវបានបង្កើតឡើង នាដើមឆ្នាំ២០២០ ដោយចុះបញ្ជីនៅក្រោមក្រសួងមហាផ្ទៃ ក្រោមចក្ខុវិស័យចង់ឃើញ ធនធានមនុស្សនៅប្រទេសកម្ពុជាមានចំណេះដឹង ជំនាញនិងភាពជាអ្នកដឹកនាំកាន់តែខ្ពស់ ដើម្បីអភិវឌ្ឍប្រទេសជាតិ។ បេសកកម្មចម្បងៗ របស់សហព័ន្ធសេវាអប់រំនៅកម្ពុជាមានដូចជា៖ ចូលរួម ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យអប់រំចំណេះទូទៅ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ចំណេះដឹង សហគ្រិនភាព ចំណេះដឹងហិរញ្ញវត្ថុ ចំណេះដឹងបច្ចេកវិទ្យា និងការអប់រំ ភាពជាអ្នកដឹកនាំ, ប្រមូលផ្តុំគ្រឹះស្ថានអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធ បង្កើតប្រព័ន្ធអេកូឡូស៊ីគាំទ្រសម្រាប់ការអប់រំ និងបណ្តុះបណ្តាល ដើម្បីការរីកចម្រើនលើគុណភាពធនធានមនុស្សដែលគាំទ្រ និងឆ្លើយតបល្អ តាមតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចជាតិ, ស្រាវជ្រាវ និងចែករំលែកចំណេះដឹង អប់រំ ព័ត៌មានទីផ្សារការងារ តម្រូវការចំណេះជំនាញនានាដែល ប្រទេសជាតិត្រូវការនាពេលអនាគតពង្រឹងចំណេះដឹង និងជំនាញ គ្រូបង្រៀន គ្រូបណ្តុះបណ្តាល និងអ្នកអប់រំទូទៅ ដើម្បីធានាបាននូវលទ្ធផលការសិក្សាខ្ពស់របស់សិស្សានុសិស្ស និស្សិត និងសិក្ខាកាម ។

សូមជម្រាប់ថា មកដល់បច្ចុប្បន្ននេះសហព័ន្ធសេវាអប់រំនៅកម្ពុជាមានសមាជិក ចំនួន ១៣០ស្ថាប័ន ដែលរួមមានសាលារៀនជាតិ និងអន្តរជាតិ ស្ថាប័នបណ្តុះបណ្តាល ក្រុមហ៊ុនបច្ចេកវិទ្យាអប់រំ អង្គការគាំទ្រវិស័យអប់រំ និងក្រុមហ៊ុនមួយចំនួនទៀតដែលផ្តល់សេវាគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សមានបុគ្គលិកអប់រំ និងគ្រូបង្រៀនសរុបជាងប្រាំមួយពាន់ (៦,០០០) នាក់ និងសិស្សជាងមួយ ម៉ឺននាក់។ ចាប់តាំងពីឆ្នាំ២០២០មក សហព័ន្ធសេវាអប់រំនៅកម្ពុជាបានបំពេញការងារជាច្រើនដោយសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវះ និងបណ្តាដៃគូជាច្រើនទៀត។ ក្នុងឆ្នាំបន្ទាប់ៗទៀតសកម្មភាពទាំងនេះនឹងនៅតែជាសកម្មភាពអាទិភាពរបស់សហព័ន្ធសេវាអប់រំនៅកម្ពុជា៕