(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ​នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ​ ឆ្នាំ២០២៤​នេះ បានអញ្ជេីញជាអធិបតីភាព​ប្រកាសចូលកាន់មុខតំណែង​ និងបំពាក់ឋានន្តសក្តិ​ ជូនយោធិន​ នៃកងរាជអាវុធហត្ថចំនួន៧រូប​ ថ្នាក់វរសេនីយ៍ត្រី៤រូប​ និងថ្នាក់វរសេនីយ៍ទោ ចំនួន៣រូប។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរង​ នាយសេនាធិការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ​ខេត្តចំនួន១១៧រូប។

នាឱកាសនោះ​លោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដោយក្តីនឹករលឹកផងដែរ។

លោកឧត្តមសេនីយត្រី​ ក៏បានណែនាំដល់កងកម្លាំង​ទាំងអស់ត្រូ​វពង្រឹងការយកចិត្តទុកដាក់ក្នុងកិច្ចការងារតាមតួនាទី ភារកិច្ច របស់ខ្លួនឱ្យបានល្អ​ ត្រូវមានសុជីវធម៌ល្អ សីលធម៌ល្អ ក្លាហាន ម៉ឺងម៉ាត់ក្នុងការងារ និងមានវិជ្ជាជីវៈច្បាស់លាស់ក្នុងការអនុវត្តភារកិច្ចកិច្ច។

ជាមួយគ្នានោះ​លោកឧត្តមសេនីយត្រី​ បោន​ ប៊ិន​ ក៏បានសង្កត់ធ្ងន់ៗដល់អាវុធហត្ថគ្រប់រូប មិនត្រូវពាក់ព័ន្ធគ្រឿងញៀនឡេីយ​ ជាពិសេសមិនត្រូវមានការអន្តរាគមន៍ពាក់ព័ន្ធករណីជួញដូរ​ រក្សាទុក​ និងប្រេីប្រាស់គ្រឿងញៀនជាដាច់ខាត បេីមានត្រូវតែបង្ក្រាបដោយគ្មានការលេីកលែងឡេីយ។

លោកមេបញ្ជាការការ​បានបន្តថា​ ដេីម្បីឱ្យអង្គភាពរឹងមាំ យេីងត្រូវរួមគ្នាថែរក្សាប្រើប្រាស់ឱ្យបានល្អនូវមធ្យោបាយ បរិក្ខារ គ្រឿងបំពាក់រួមគ្នា និងថែទាំអគារធ្វើការងារ អគារស្នាក់នៅ និងសមិទ្ធផលនានាដែលយើងមាន។ ជាពិសេសដើម្បីបម្រើកិច្ចប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានរៀងៗខ្លួន ពោលគឺការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងពេលជួបគ្រោះថ្នាក់ផ្សេងៗ៕